(ពោធិ៍សាត់)៖ លោក​ ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ដឹកនាំដោយលោក ហ្វិញ មិញត្វឹន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តដុងថាប់ និងលោកអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ គ្រឹស្តសករាជ២០២៤ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

តាមរយៈជំនួបថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការ រវាងខេត្តពោធិ៍សាត់និងខេត្តដុងថាប់ គឺឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ «កម្ពុជា-វៀតណាម»។ ការសហការគ្នាយ៉ាងល្អប្រសើរនេះ ជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការដឹកនាំ និងការអភិវឌ្ឍ។ ប្រទេសយើងទាំងពីរ តែងតែពង្រឹង និងពង្រីកការលើកកម្ពស់ទំនាក់ទំនងឱ្យរីកចម្រើន ដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង ស្របទៅនឹងបាវចនា នៃការទំនាក់ទំនងប្រទេសទាំងពីរ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោក ហ្វិញ​ មិញត្វឹន ព្រមទាំងប្រតិភូអមដំណើរទាំងអស់ ដែលបានអញ្ញើញមកពីខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចការងារ នៅលើទឹកដីខេត្តពោធិ៍សាត់ ពិសេសចូលរួមអបអរសាទរជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ គ្រឹស្តសករាជ២០២៤ ជូនចំពោះរដ្ឋបាលខេត្តពោធិ៍សាត់។

លោកក៏បានជម្រាបជូនផងដែរ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកន្លងមក ជាមួយខេត្តពោធិ៍សាត់ ដែលក្នុងនោះមានខេត្តចំនួន០២ របស់វៀតណាម គឺខេត្តទៀនយ៉ាង ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយសមាគមអតីតយុទ្ធជនខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ដែលបានចងសម្ព័ន្ធមេត្រីភាព ជាមួយគណៈកម្មការរុករកអដ្ឋិធាតុយោធាខេត្ត។

ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោក ហ្វិញ មិញត្វឹន ព្រមទាំងប្រតិភូអមដំណើរ និងលោកអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង សូមគោរពជូនពរ លោក​ ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕