(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀនឆ្លងដែន (ក១០) បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចទីតាំងទី១ បណ្ដោយផ្លូវ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅចំណុចទីតាំងទី២ បន្ទប់លេខ៥០៣ ជាន់ទី៥ អាផាតមិនភ្នំពេញស្ដារ ផ្លូវលេខ៩៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន និងនៅចំណុចទីតាំងទី៣ បន្ទប់លេខ១៣a-A ជាន់ទី១៣ ខុនដូរអ័ររៀនរិត ផ្លូវ លេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៤នាក់ រកឃើញសារធាតុញៀន ប្រភេទកេតាមីន មានទម្ងន់ ១.១៤៤ក្រាម ប្រភេទនីមេតាហ្ស៊ីប៉ាម មានទម្ងន់២.០៣២ក្រាម និងសារធាតុ មិនច្បាស់លាស់ទម្ងន់៨.៤៥៨ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។ ក្រោយបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើមកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជនជាតិវៀតណាមចំនួន ០៤នាក់ និងបក្ខពួក ពីបទ ផលិត រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៧ មាត្រា៤៨ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕