(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាឱ្យកងទ័ពចូលរួមថែរក្សា ការពារតំបន់អភិរក្សព្រៃឈើធម្មជាតិទូទាំងប្រទេស ជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ។

ការចេញបទបញ្ជាបែបនេះរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបញ្ជាឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបទបញ្ជាដូចខាងក្រោម៖

ទី១៖ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវចាត់តាំងកម្លាំងសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរដែនដី និងសហការជាមួយកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធដើម្បីចូលរួមថែរក្សាការពារតំបន់អភិរក្សព្រៃឈើធម្មជាតិ ទូទាំងប្រទេស។

ទី២៖ ត្រៀមជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលានូវរាលំសំណើស្នើសុំរបស់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីមានវិធានការបង្ក្រាបជាបន្ទាន់នូវបទល្មើសដែលបានកាប់ទន្ទ្រានីតំបន់អភិរក្សព្រៃឈើធម្មជាតិ។

ទី៣៖ ចាត់តាំងកម្លាំងធ្វើការស្រាវជ្រាវ រុករកជនទុច្ចរិតដែលមកសម្ងំលាក់ខ្លួននៅក្នុងតំបន់អភិរក្សព្រៃឈើធម្មជាតិដែលមានឧបាយកលបំផ្លិចបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ត្រូវមានវិធានការបង្ក្រាបជាបន្ទាន់។

ទី៤៖ កងកម្លាំងទាំងអស់ដែលមានភារកិច្ចចូលរួមសហការ ត្រូវប្រកាន់ភ្ជាប់នូវវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយមិនចូលរួមប្រព្រឹត្តបទល្មើសខុសច្បាប់។

ទី៥៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕