(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការច​ម្រុះនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់វិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ឧត្តមសេនីយ៍ទោ អ៊ុក រតនៈ នាយករងវិទ្យាស្ថានទ័ពជើងគោក បានបង្ហាញឱ្យឃើញពីស្នាដៃជាច្រើនរបស់វិទ្យាស្ថាន ក្នុងការកសាងមូលដ្ឋានគ្រឹះលើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កងយោធពលខេមរភូមិន្ទ និងការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការហ្វឹកហ្វឺន។ ក្រៅពីនេះការពង្រឹងគុណភាពហ្វឹកហ្វឺន វិទ្យាស្ថានក៏បានខិតខំរៀបចំឱ្យមានពិធីកម្មការងារជាច្រើនដូចជា៖ ការពង្រឹងយោធាចារ្យតាមវិធីសាស្ត្រពង្រឹងយោធាចារ្យដែលមានស្រាប់និងកសាងយោធាចារ្យថ្មី តាមរយៈការបើកវគ្គគរុកោសល្យថ្មីៗរបស់វិទ្យាស្ថាន, ការរៀបចំកែសម្រួលកម្មវិធីសិក្សាឱ្យសមស្របតាមគោលបំណងនៃវគ្គសិក្សា និងស្របតាមពេលវេលាបណ្តុះបណ្តាល ការរៀបចំខ្លឹមសារហ្វឹកហ្វឺនសមស្របតាមមុខសញ្ញាហ្វឹកហ្វឺន ព្រមទាំងការងារធានាហ្វឹកហ្វឺនឱ្យវគ្គសិក្សាដំណើរការជោគជ័យតាមផែនការ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្មរបស់នាយក នាយករង យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់វិទ្យាស្ថាន ពិសេសនិងបានពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីទីប្រឹក្សាចិនប្រចាំវិទ្យាស្ថាន បានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ និងវិជ្ជាជីវៈទទួលបានជោគជ័យ តាមបទបញ្ជារបស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ ជាពិសេសការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ឱ្យ ស័ក្តិសមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទយ៉ាងពិតប្រាកដ ហើយក៏បានពង្រឹងគុណភាពហ្វឹកហ្វឺនតាមបទបញ្ជា សេចក្តីណែនាំរបស់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ និងក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណេត, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើជូនដល់គណៈគ្រប់គ្រងវិទ្យាស្ថាន នាយទាហាន នាយទាហានរង និងពលទាហានបម្រើការ យោធាចារ្យ ពិសេសប្អូនៗកម្មសិក្សាការីដែលកំពុងបំពេញកម្មសិក្សានៅក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ ក្នុងឱកាសឆ្នាំថ្មីនេះសូមទទួលបានជោគជ័យគ្រប់ការងារ មានសំណាងល្អ សុខភាពល្អ គ្រប់ៗគ្នា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងការដាក់ចេញទិសដៅបន្ត មានសារៈសំខាន់ណាស់ ដែលគ្រប់កងឯកភាពកងយោធពលខេមរភូមិន្ទ និងបណ្ដាសាលា និងគ្រប់គ្រឹះស្ថាន ដើម្បីធ្វើការវាយតម្លៃរាល់សកម្មភាពដែលបានអនុវត្តន៍កន្លងមក ហើយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចដែលនៅសេសសល់ ដែលគួរយកចិត្តទុកដាក់ពុះពារ អនុវត្តន៍បន្ត ជាពិសេសការប្រមូលផ្តុំរាល់គំនិតផ្សេងៗតាមការលើកជាយោបល់ និងចូលរួមការពិភាក្សាតាម កម្មវិធី អង្គសិក្ខាសាលានេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលប្រសូតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ បានបន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំកងទ័ពឱ្យចូលរួមថែរក្សាសន្តិភាព គោរពច្បាប់ គោរបទបញ្ជា គោរពវិន័យរបស់កងទ័ព និងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងចូលរួមអនុវត្តន៍ និងគាំទ្ររាល់យុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រការដឹកនាំរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ បន្តកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងវិទ្យាស្ថាន ឱ្យស័ក្តិសមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទដូចជា៖ ការកសាងនិងថែរក្សាជួសជុល អគារ និងទីលានថ្មីៗ តាមសេចក្តីត្រូវការជំនាញនីមួយៗសម្រាប់បម្រើ ឱ្យការងារហ្វឹកហ្វឺន ជាពិសេសការបំពាក់ឧបទេសសិក្សាតាមបច្ចេកវិទ្យាថ្មីសម្រាប់បម្រើឱ្យគរុកោសល្យក្នុងការបង្រៀន ដែលងាយស្រួលដល់យោធាចារ្យ និងធ្វើឱ្យសិក្ខាកាមងាយយល់ ងាយចេះ និងងាយចាំ។