(ទីម័រខាងកេីត)៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងនៅក្នុងពិធីដាក់ឲ្យដំណើរការកម្មវិធី មេដឹកនាំនាពេលអនាគតសម្រាប់អាស៊ាន ដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រី ទីម័រខាងកើតផងដែរ។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ដែលយុវជនដើរតួ ក្នុងការរៀបចំផ្លូវនៃការអភិវឌ្ឍ និងសក្តានុពលរបស់អាស៊ាន។ លោកបណ្ឌិត កៅ គឹមហួន បានកោតសរសើរចំពោះទីម័រខាងកើត ដែលបានផ្តួចផ្តើមកម្មវិធីនេះឡើង ដែលអាចជះឥទ្ធិពលយ៉ាងច្រើនដល់ការរីកសាយភាយ និងការធ្វើអន្តរជាតូបនីយកម្មនៃអត្តសញ្ញាណអាស៊ាន នៅក្នុងទីម័រខាងកើត។

បន្ទាប់មកនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Jorge Manuel de Araújo Serrano ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ព្រមទាំងតំណាងវិស័យឯកជនល្បីឈ្មោះមួយចំនួនទៀត។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ការចូលក្នុងអាស៊ានរបស់ទីម័រខាងកើត នឹងផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចទីម័រខាងកើត ដូចដែលសេដ្ឋកិច្ចប្រទេសនេះ នឹងអាចចូលក្នុងទីផ្សារអាស៊ានដ៏ធំ និងផ្តល់ផលចំណេញច្រើន។

លោកបណ្ឌិត កៅ គឹមហួន ក៏បានលើកទឹកចិត្តឲ្យវិស័យឯកជនគាំទ្ររដ្ឋាភិបាលទីម័រខាងកើត នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន៕