(រតនគិរី)៖ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខថ្នាក់នាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

ក្នុងពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក ងិន ណែល អភិបាលរងខេត្តរតនគិរី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សាយ សាមាន ប្រធានសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានអានរបាយការណ៍រួចមក, លោកប៉េង ពោធិ៍ បានផ្តល់អនុសាសន៍ល្អៗ ដើម្បីជាការណែនាំដល់មន្ត្រីរាជការ និងបុគ្គលិក សម្រាប់យកទៅអនុវត្តការងារបន្តឲ្យកាន់តែមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី បានសំណូមពរឲ្យមន្ទីរយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបការយល់ដឹង ជុំវិញវិស័យសាធារណការ និងដឹកជញ្ជូន ឲ្យបានទូលំទូលាយទៅកាន់បងប្អូនប្រជាពលរដ្ឋ និងរួមគ្នាទប់ស្កាត់នូវព័ត៌មានមិនពិតមានប្រភពមិនច្បាស់លាស់។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក្នុងនាមក្រសួងក៏បាននាំយកនូវសម្ភារៈ-បរិក្ខាសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ចំនួន១០០,ស្ទីកគ័រចំណាំងផ្លាត៥,០០០សន្លឹក និងកៅស៊ូត្រជាក់(Cold Mix)សម្រាប់ជួសជុលសំបុកមាន់ចំនួន២០០បាវ ប្រគល់ជូនឲ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លើសពីនោះទៀត ព្រមទាំងបានឧបត្ថម្ភជូនដល់មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ក្នុង១នាក់៥០,០០០រៀល ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ដែលនឹងចូលមកដល់នាពេលខាងមុខឆាប់ៗនេះ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីខាងលើមានបំពាក់គ្រឿងឥស្សរយស និងមេដាយការងារជូនមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ជាច្រើននាក់ផងដែរ៕