(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេច ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសរសេរយ៉ាងដូច្នេះថា ខ្ញុំ និងភរិយា សូមសម្តែងនូវការអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងកក់ក្តៅបំផុតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឱកាសដែល សម្តេចត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី០៣ខែមេសា ឆ្នាំ២០២៤។

សម្តេចអគ្គមហាសេនាបតីតេជោ ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម និងប៉ិនប្រសប់ ឈ្លាសវៃដ៏ល្អប្រសើរបំផុតមួយរូប ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី កសាងនូវសុខសន្តិភាពជាតិ ស្ថិរភាពជាតិ ការអភិវឌ្ឍយ៉ាងច្បាស់លាស់លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដីយ៉ាងល្អបំផុត សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចអគ្គមហាសនាបតីតេជោ បានលះបង់សព្វគ្រប់បែបយ៉ាង ដើម្បីផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ និងរក្សាបាននូវមហាសុខសន្តិភាពជូនជាតិមាតុភូមិ បង្កើតនូវស្នាដៃ និងសមិទ្ធផលជាតិ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាំឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺសុះសាយលើឆាកអន្តរជាតិរហូតមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំ និងភរិយា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងសូមបានសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាបំផុតទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបី
ឃ្លៀងឃ្លាតឡើយ៕