(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងយុវជន រស់នៅតាមបណ្តាស្រុកជាប់ព្រំដែន ជាមួយប្រទេសជិតខាង ត្រូវព្យាយាមសាបព្រោះ ចូលរួមការថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានស្មារតីជាតិនិយមខ្ពស់។

ការស្នើបែបនេះ ខណៈលោកអភិបាលខេត្តកំពត ម៉ៅ ធនិន ចូលរួមជាអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ និងធ្វើបុណ្យឆ្លងឧប្បដ្ឋានសាលា ០១ខ្នង នៅវត្តយសសុវណ្ណអូរជុំព្រៃទន្លេ ស្ថិតក្នុងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។ 

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី១ គឺផ្តោតទៅលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកទេសឌីជីថល ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្ដថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ត្រូវចូលរួមអនុវត្តភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងផងដែរ។

យ៉ាងណាមិញសមទ្ធិផលនានារបស់វត្ត ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺបានបង្ហាញអំពីការចូលរួមយកចិត្តទុករបស់អាជ្ញាធរស្រុក បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន ក្នុងការលើកកម្ពស់វិស័យពុទ្ធចក្រ ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនដំណាលគ្នា ជាមួយនឹងវិស័យអាណាចក្រ។

បើតាមការយល់ឃើញរបស់លោកផ្ទាល់ ពាក់ព័ន្ធនឹងជីវិត គឺមានពីរ ជីវិតមួយ គឺចាប់ពីថ្ងៃកើតដល់ថ្ងៃស្លាប់ ដែលត្រូវការម្ហូបអាហារ ទីស្នាក់អាស្រ័យ គ្រឿងប្រើប្រាស់ និងស្លៀកពាក់ជាដើម ឯជីវិតមួយទៀត គឺវប្បធម៌ អរីយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា ដែលជាដួងព្រលឹងសំគាល់ជាតិសាសន៍មួយ មិនអាចខ្វះបាន។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំពោះការពាក់ព័ន្ធជុំវិញសាងសង់វត្តអារាមនានា គឺមុននឹងសាងសង់ ត្រូវមើលរចនាបទឲ្យបានច្បាស់លាស់ តើត្រឹមត្រូវតាមរចនាបទខ្មែរដែរឬទេ? ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ ត្រូវដឹកនាំយុវជនឲ្យចូលរួមលេងល្បែងប្រជាប្រិយ និងស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ដើម្បីថែរក្សាកេរ្តិ៍ដំណែលរបស់ដូនតាយើង ឲ្យបានគង់វង្សយូរអង្វែងតរៀងទៅ៕