(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានការស្នើសុំយ៉ាងទទូចពីក្រុមអាជីវករលក់ដូរនៅផ្សារកំពង់បឹង បានស្នើសុំដល់លោកអភិបាលខេត្តកំពង់ឆ្នាំង ដោយសុំឲ្យលោកអភិបាលមេត្តាជួយសម្របសម្រួល ក្នុងការពន្យារពេល នៃការសាងសង់ផ្សារកំពង់បឹងខាងលើនេះសិន ដោយសារតែប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរក្នុងផ្សារ ពុំទាន់មានលទ្ធភាព ក្នុងការរកប្រាក់សម្រាប់ទិញតូបលក់ដូរបាននៅឡើយ។

ក្រោយពីបានទទួលសំណើររបស់ប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរខាងលើនេះ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោក-លោកស្រី អភិបាលរងខេត្ត និងក្រុមការងារ រដ្ឋបាលខេត្ត បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥នាក់ (តំណាងអាជីវករមានតូបលក់ដូរ ក្នុងផ្សារសរុប៥០តូប) ដែលបានសំណូមពរដល់តំណាង ក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យាពេលនៃការសាងសង់ផ្សារជាបណ្ដោះអាសន្នរយៈពេល៣ឆ្នាំទៀតសិន ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករ ដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ១៩ និងកត្តាសេដ្ឋកិច្ចសកលឲ្យបានបន្តលក់ដូរជាបន្តទៀត។

ជាលទ្ធផល ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តត្រឹមម៉ោង១៖០០នាទីរសៀល បានសម្រេចគោលការណ៍ឯកភាពដូចខាងក្រោម៖

* តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈ ពេលសរុប៥ឆ្នាំគិតតាំងពីពេលមុន នឹងចាប់គិតសារជាថ្មីដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះរហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល១ឆ្នាំកន្លះ)

* ខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរផ្សារកំពង់បឹង។ ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគ ចាប់ផ្តើមដំណើការសាងសង់ផ្សារមារយៈពេល១៨ខែ
* ក្រោយការសាងសង់ផ្សារកំពង់បឹងសន្តិភាពរួច ទើបអនុញ្ញាតឲ្យអាជីវករជួលតូបចូលលក់ដូរក្នុងផ្សារដោ យមិនយកថ្លៃជួលតូបរយៈពេល២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ។

ការសម្របសម្រួលខាងលើនេះ ធ្វើឲ្យតំណាងអាជីវករមានក្តីរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ឲ្យលោកអភិបាលខេត្ត និងក្រុមការងារ ដើម្បីជួយសម្របសម្រួលនូវទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ស្នើសុំរយៈពេលតែ៣ឆ្នាំ តែក្រុមហ៊ុនឯកភាពជូនពួកគាត់រហូតដល់៥ឆ្នាំ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ជូនបងប្អូនអាជីវករ ដើម្បីសម្រួលមធ្យោបាយធ្វើដំណើរ និងអាហារថ្ងៃត្រង់ដល់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ទទួលប្រកបដោយទឹកចិត្តរីករាយ យ៉ាងក្រៃលែងផងដែរ៕