(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើព្រះរាជសារ សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានដែលបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥ ។

តាមរយៈព្រះរាជសារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះបន្ទូលទាំងស្រុងថា៖

«សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត !

ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរជូន សម្តេចអគ្គមហាសេនា បតីតេជោ ដែលត្រូវបានសម័យប្រជុំដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ។

ខ្ញុំសូមកោតសរសើរដ៏ខ្ពង់ខ្ពស់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណ បំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងទទួលបានមហាជោគជ័យក្នុង ការដឹកនាំប្រទេសជាតិ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ ។

ខ្ញុំជឿជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នឹងបន្តដឹកនាំព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិ ឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃជាតិយើង នឹងមានការគោរពប្រតិបត្តិច្បាប់ឱ្យ បានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារ បរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាព សង្គម និងសេដ្ឋកិច្ចជាតិ ។

ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន សម្តេចអគ្គមហា សេនាបតីតេជោ សូមទទួលបាននូវមហាជោគជ័យបន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បី ជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕

ខាងក្រោមនេះជាព្រះរាជសារ សម្តេចព្រះមហាក្សត្រី៖