(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ជាពិសេសដើម្បីទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ក្រោមអធិបតីភាពលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តនាឱកាសនោះ មានការចូលរួមពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ។

កម្មវិធីនេះបានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាប្រទីប ផ្កាភ្ញី គ្រឿងសក្ការនានាថ្វាយព្រះរតនត្រ័យ ដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបាននិមន្តព្រះសង្ឃចំនួន៥ព្រះអង្គចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ចម្រើនសិរីសួស្ដី។

ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ លោករដ្ឋមន្ដ្រី ព្រមទាំងថ្នាក់ដឹកនាំ តាងនាមមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងបានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យថ្វាយចំពោះព្រះសង្ឃជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងអភិវឌ្ឍន៍ជនបទទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបចាប់តាំងពីឆ្នាំថ្មីចូលមកដល់ និងជានិច្ចនិរន្តរ៍តរៀងទៅ៕