(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអនុប្រធានទី១ អនុប្រធានទី២ និងសមាជិកសមាជិការព្រឹទ្ធសភា អាណត្តិទី៥ សរុប៦២រូប បានធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ នៅព្រះបរមរាជវាំង។

ជាមួយនឹងការធ្វើសច្ចាប្រណិធាននេះ ថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ បានប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ និងបម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា ហើយប្តេជ្ញា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគី រៀងៗខ្លួនឡើយ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃការធ្វើសច្ចាប្រណិធាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអនុប្រធានទាំង២រូប និងសមាជិកសមាជិការទាំងអស់៖

«យើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដូចតទៅ ៖

ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំ យើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញា គោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ច នូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ភាគី រៀងៗខ្លួនឡើយ ។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ ហ៊ានបូជាជីវិតដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវ ៖
* ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
* អធិបតេយ្យភាពជាតិ ពេញបរិបូរណ៍
* បូរណភាពទឹកដី ដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មាន ក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់១៩៦៩
* ឯកភាពជាតិ ហើយមិនអនុញ្ញាត ឲ្យមានការបែងចែក ឬការធ្វើអបគមន៍ ណាមួយឡើយ ។

- ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញា រក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញ្ញាត ជាដាច់ខាត ឲ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែក ចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិ របស់កម្ពុជាបានឡើយ។ ទូលព្រះបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាត នូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាត ដល់ផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ ។

ក្នុងការដោះស្រាយ បញ្ហាទាំងឡាយ លើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុង នូវអំពើហិង្សា គ្រប់បែបយ៉ាង។ ប៉ុន្តែ ព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុក នូវសិទ្ធិកាន់អាវុធ តស៊ូប្រឆាំង នឹងការរំលោភ ឈ្លានពាន មកពីក្រៅ ដើម្បីការពារជាតិ មាតុភូមិខ្លួន ។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញា គោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរព យ៉ាងម៉ឺងម៉ាត់ ចំពោះសិទ្ធិមនុស្ស ដូចមានចែង ក្នុងសេចក្តីប្រកាស ជាសកល ស្តីអំពីសិទ្ធិមនុស្ស។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិដើម្បីឯកភាពជាតិដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា
ជាទីគោរពសក្ការៈនិងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប»៕