(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ បានរួមគ្នារៀបចំកម្មវិធីកុមាររីករាយនៅសាលាបឋមសិក្សាមិត្តភាព ស្ថិតនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅដើម្បីការរីកចម្រើនរបស់កុមារ។

កម្មវិធីនេះមានការចូលរួមពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌទួលគោក ព្រមទាំងមន្ត្រីរាជការនៃអង្គការភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមេធាវី នៃគណៈមេធាវីកម្ពុជា និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរយនាក់ផងដែរ។

សម្រាប់កម្មវិធីនេះមានការរៀបចំប្រកួតយកពាន់រង្វាន់របស់ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មានចំនួន ៤វិញ្ញាសាររួមមាន៖

ទី១៖ ប្រកួតសរសេរតាមអានចំនួន២០ពាក្យ
ទី២៖ ប្រកួតធ្វើលំហាត់គណិតវិទ្យាចំនួន២លំហាត់
ទី៣៖ ប្រកួតអានអត្ថបទជាភាសាអក្សរអង់គ្លេសចំនួន ១០ឃ្លា
ទី៤៖ ប្រកួតដាំបាយ ចៀនស៊ុតជ័រភ្នៅ និងស៊ុតក្រឡុក ៨រសជាតិ

បន្ថែមពីនេះក៏មានការប្រកួតយកពានរង្វាន់រង្វាន់របស់លោកមេធាវី លី ច័ន្ទតុលា ចំនួន៤វិញ្ញាសាររួមមាន៖

ទី១៖ លោតបាវ ចំនួន៨គូ
ទី២៖ ជញ្ជូនក្រូចឆ្មារចំនួន៨គ្រាប់ ដោយស្លាបព្រាខ្លី
ទី៣៖ បិទភ្នែកចាកទឹកឱ្យបាន១ដបកូកាពេញ
និងទី៤៖ ជញ្ជូនកងចំនួន៨

នាឱកាសនោះដែរ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានចាត់ទុកថា ការរៀបចំឱ្យមានកម្មវិធីកុមាររីករាយនៅសាលាបឋមសិក្សាមិត្តភាព ដើម្បីការរីកចម្រើនរបស់កុមារ ដែលមានរៀបចំលេងល្បែងកម្សាន្ត លេងល្បែងប្រជាប្រិយនានា មានន័យថាគឺជាការចូលរួមចំណែកប្រឆាំងអំពើពុករលួយ ជាមួយរដ្ឋាភិបាលផងដែរ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្ថែមថា ការរៀបចំកម្មវិធីនេះ គឺមានអត្ថន័យនយោបាយ អត្ថន័យវប្បធម៌ជាតិ ទំនៀមទម្លាប់ និងជួយដល់កុមារតូចៗដែលជាទំពាំងស្នងឫស្សី ឱ្យយល់ដឹងច្បាស់ពីល្បែងប្រជាប្រិយរបស់ខ្មែរយើងផងដែរ។

លោកមេធាវី លី ច័ន្ទតុលា បានថ្លែងថា ការរៀបចំកម្មវីធីនេះឡើង គឺមានគោលបំណងផ្តល់សេចក្តីរីករាយមិនអាចបំភ្លេចបានជូនដល់កុមារ នៅសាលាបឋមសិក្សាមិត្តភាព តាមរយៈសកម្មភាពប្រកួតប្រជែងដណ្តើមពានរង្វាន់។ ខណៈពានរង្វាន់នីមួយៗ គឺឆ្លុះបញ្ចាំងពីសកម្មភាពទាំងអស់សម្រាប់ជីវិតរបស់កុមារ ទាំងពេលបច្ចុ​ប្បន្ន និងអនាគត ទាំងការប្រើប្រាស់នូវប្រាជ្ញា ចំណេះដឹង ព្រមទាំងការចេះរួបរួមសាមគ្គីគ្នា ការចេះធ្វើការងារជាក្រុមដោយយកចិត្តទុកដាក់។

លោកមេធាវី លី ច័ន្ទតុលា បានបន្តថា សម្រាប់កម្មវិធីនេះ គឺធ្វើឡើងដើម្បីផ្តល់ភាពកក់ក្តៅដល់ឪពុក ម្តាយ អាណាព្យាបាល ថាសាលារដ្ឋនៅតែជាទីមោទនភាពរបស់កម្ពុជា ពីព្រោះសាលារដ្ឋនេះហើយដែលបានបណ្តុះធនធានមនុស្ស ដែលសព្វថ្ងៃបានក្លាយជាបញ្ញវ័ន្ត មន្ត្រីរាជការ ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិជាដើម៕