(ភ្នំពេញ)៖ សមាគមជើងសាធានារ៉ាប់រងកម្ពុជា (CIBA) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំមហាសន្និបាតលើកទី២របស់ខ្លួន ដែលធ្វើឡើងនៅ អាគារ TRIBE Phnom Penh Post Office Square រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដឹកនាំដោយលោក មាស សុផាត ប្រធានសមាគម ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការគ្រប់គ្រង និងសមាជិកនៃសមាគមទាំងអស់។

របៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតនេះគ្របដណ្តប់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ សមិទ្ធផល ឆ្នាំ២០២៣ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ការដាក់ឱ្យប្រើប្រាស់សៀវភៅ បណ្តុះបណ្តាលវិជ្ជាជីវៈ ជើងសាធានារ៉ាប់រង និងគោលការណ៍ទូទៅនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ជើងសាធានារ៉ាប់រងដែលជាសមាជិក ព្រមទាំងប្រមូលធាតុចូលផ្សេងៗ និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងអាជីវកម្មជើងសារធានារ៉ាប់រង ដើម្បីដាក់ជូននិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដើម្បីធ្វើការដោះស្រាយ និងការបង្កើតគណៈកម្មាធិការចំនួន០៣ សម្រាប់សមាគម និងកម្មវិធីពិសាអាហារថ្ងៃត្រង់របស់សមាគមប្រចាំឆ្នាំបន្ទាប់ពីកិច្ចប្រជុំ។
 
លោក មាស សុផាត បានបង្ហាញមោទនភាពចំពោះសមិទ្ធផលរបស់សមាគមជើងសាធានារ៉ាប់រងកម្ពុជា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ហើយមានសេចក្តីសោមនស្សរីករាយដែលសមាគមបានរៀបចំរួចរាល់សៀវភៅបណ្តុះបណ្តាលវិជ្ជាជីវៈជើងសាធានារ៉ាប់រង និងគោលការណ៍ទូទៅនៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់ជើងសារធានារ៉ាប់រង ដើម្បីអនុវត្តលោកបានបន្ថែមថាសៀវភៅបណ្តុះ បណ្តាលវិជ្ជាជីវៈជើងសាធានារ៉ាប់រង មានមុខវិជ្ជាសំខាន់ៗ ចំនួន ០៥រួមមាន៖

ទី១៖ គោលការណ៍ទូទៅនៃក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់ធានារ៉ាប់រងជើងសាដែលមានអាជ្ញាបណ្ណ
ទី២៖ បទប្បញ្ញត្តិធានារ៉ាប់រងកម្ពុជា
ទី៣៖ ទីផ្សារធានារ៉ាប់រង
ទី៤៖ ហានិភ័យ និងគោលការណ៍ ច្បាប់
និងទី៥៖ ការអនុវត្តវិជ្ជាជីវៈជើងសាធានារ៉ាប់រង។

វគ្គបណ្តុះបណ្តាលនឹងធ្វើឡើង ០២ដងក្នុងមួយឆ្នាំ សម្រាប់សមាជិកសមាគម និងដោយមានការប្រឡងបន្ទាប់ពីបញ្ចប់ការសិក្សា។ បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុនធានារ៉ាប់រងជើងសាត្រូវឆ្លងកាត់ការប្រឡងដើម្បីទទួលបានការបញ្ជាក់អំពីវិជ្ជាជីវៈជើងសាអាជីពពីសមាគមដែលមានក្នុងបញ្ជីកត់ត្រាក្នុងគេហទំព័ររបស់សមាគម www.cibacambodia.org (http://www.cibacambodia.org/)។ (http://www.cibacambodia.org/) ផ្អែកលើគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈជើងសាធានារ៉ាប់រងសមាគមនឹងបន្តផ្តល់វគ្គបណ្តុះ បណ្តាលលើការអភិវឌ្ឍវិជ្ជាជីវៈជើងសា Continued Professional Development (CPD) ដែលកាលវិភាគ គ្រោងនឹង រៀបចំឡើងចំនួន ១២ដងក្នុងមួយឆ្នាំ។ ការអនុវត្តដ៏ជោគជ័យនៃវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជើងសារធានារ៉ាប់រង និង កម្មវិធី CPD នឹងជួយឱ្យសមាគមសម្រេចបាននូវ គោលបំណងដែលខ្លួនបានកំណត់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពវិជ្ជាជីវៈជើងសា ធានារ៉ាប់រងឱ្យ កាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
 
ក្រោមការផ្តួចផ្តើមគំនិតដោយលោក មាស សុផាត ប្រធានស្ថាបនិក សមាគមជើងសាធានារ៉ាប់រងកម្ពុជា (CIBA) ត្រូវបានបង្កើត ឡើងនាខែមីនា ឆ្នាំ២០២២ តាមរយៈការបោះឆ្នោតក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ចន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ។ CIBA ត្រូវបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងមហាផ្ទៃ (MoI) ក្នុងខែកក្កដា ឆ្នាំ២០២២ និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែធ្នូ ឆ្នាំ២០២២។ នាពេលបង្កើតដំបូង CIBA មានសមាជិកក្រុមហ៊ុនជើងសាធានារ៉ាប់រងដែលមានអាជ្ញាបណ្ណចំនួន ១២។ ហើយគិតត្រឹមខែមីនា ឆ្នាំ២០២៣ CIBA មានសមាជិកក្រុមហ៊ុន ជើងសាធានារ៉ាប់រង ដែលមានអាជ្ញាបណ្ណសរុបចំនួន ១៥។
 
ព្រឹត្តិការណ៍នេះបានចូលរួមឧបត្ថម្ភដោយក្រុមហ៊ុនអាល់ហ្វា អ៉ិនសួរេន ប្រូកឃើរ, អេជី អ៊ិនសួរេន ប្រូកឃើរ, បាសាក់ អ៉ិនសួរេន ប្រូកឃើរ,  អិមជីអេ អេស៊ា អ៉ិនសួរេន ប្រូកឃើរ, និងក្រុមហ៊ុនប្រូវីតា អ៉ិនសួរេន ប្រូកឃើរ៕