(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញអំពីការបំពេញទម្រង់ព័ត៌មានផលប៉ះពាល់បរិស្ថាន និងសង្គម - ESMS Info.Sheet។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1។

វគ្គបណ្តុះបណ្តាលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពដល់មន្រ្តីឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុទាំងពីរលើការបំពេញទម្រង់ពត៌មានផលប៉ះពាល់បរិស្ថាន និងសង្គម ដែលជាលក្ខខណ្ឌតម្រូវរបស់ ADB ក្នុងឯកសារស្នើសុំឥណទាន (កម្ចី) របស់គម្រោង។

កម្មវិធីនេះមានការចូលរួមដោយសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា និងមន្រ្តីបង្គោលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅរបស់គម្រោង៕