(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់បណ្ដាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបានរកឃើញមានពាក់ព័ន្ធគ្រឿងញៀនហើយបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌ រួចលើកទឹកចិត្តឲ្យសាមីខ្លួនទៅកន្លែងបន្សាប និងស្តារនីតិសម្បទាទាំងនៅមជ្ឈមណ្ឌលជាតិ និងឯកជន ដើម្បីអាចមានឱកាសធ្វើសមាហរណកម្ម ត្រឡប់ចូលក្នុងសង្គមវិញ។

នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងសេចក្ដីណែនាំ ស្ដីពីការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់បែបនេះថា «ចំពោះមន្ត្រីដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយត្រូវបានចាត់ វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយអនុលោមតាមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី ត្រូវធ្វើការណែនាំ និងលើកទឹកចិត្តពួកគាត់ឲ្យទៅទទួលសេវា ព្យាបាល បន្សាប និងស្តារនីតិសម្បទា ទាំងនៅមជ្ឈមណ្ឌលជាតិនិងឯកជន ដើម្បីអាចមានឱកាសធ្វើសមាហរណកម្ម ត្រឡប់ចូលក្នុងសង្គមវិញ»

ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល គណៈកម្មាធិការទទួល បន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ, ត្រូវបន្ត ពង្រឹងគុណភាពសេវាព្យាបាល បន្សាប និងស្តារនីតិសម្បទា របស់មជ្ឈមណ្ឌលជាតិនិងឯកជន និងត្រូវផ្សព្វផ្សាយឲ្យ បានទូលំទូលាយពីទីតាំង និងលក្ខខណ្ឌនានារបស់មជ្ឈមណ្ឌលទាំងអស់ ដើម្បីលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀនឲ្យស្ម័គ្រចិត្តទទួលយកការបន្សាប ឈានដល់ការផ្តាច់ការប្រើប្រាស់គ្រឿងញៀនទាំងស្រុង៕