(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កន្លងទៅការធ្វើតេស្ដរកសារធាតុញៀនមួយចំនួន អាចមានលទ្ធផលមិនប្រក្រតី ដោយអ្នកមិនបានប្រើប្រាស់សារធាតុញៀន ប៉ុន្ដែបែរជាធ្វើតេស្ដឃើញវិជ្ជមាន។

តាមរយៈសេចក្ដីណែនាំ ស្ដីពីការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ក្នុងករណីមានការតវ៉ាពីមន្ដ្រី ដើម្បីបញ្ជាក់លទ្ធផលឡើងវិញ ត្រូវទាក់ទងមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងសេចក្ដីណែនាំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់បែបនេះថា៖

«កន្លងមក អ.ជ.ប.គ.ញ, បានសង្កេតឃើញថា ការធ្វើតេស្តមួយចំនួនតូច អាចមានលទ្ធផលមិន ប្រក្រតី (False Positive) ដោយអ្នកមិនបានប្រើប្រាស់សារធាតុញៀន ប៉ុន្ដែបែរជាធ្វើតេស្តឃើញវិជ្ជមាន។ តាមការ បញ្ជាក់ពីក្រសួងសុខាភិបាល ឥទ្ធិពលថ្នាំពេទ្យស្របច្បាប់មួយចំនួន អាចបង្កជាលទ្ធផលវិជ្ជមាន ពេលធ្វើតេស្ដរក សារធាតុញៀនតាមទឹកម៉ូត។

ក្នុងករណីខាងលើនេះ ប្រសិនបើមានការតវ៉ាពីមន្ត្រីដើម្បីបញ្ជាក់ពីលទ្ធផលតេស្តឡើងវិញ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទាក់ទងជាមួយ អ.ជ.ប.គ.ញ ដើម្បីធ្វើតេស្តបញ្ជាក់ឡើងវិញ ដោយក្នុងនោះ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ត្រូវសហការជាមួយក្រសួងសុខាភិបាលដើម្បីទទួលខុសត្រូវលើការងារនេះ»។

សូមជម្រាបថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសប្រភេទឧបករណ៍ធ្វើ តេស្តចំនួន៣ប្រភេទ ដែលអាចធានាគុណភាព និងសុក្រឹតភាពនៃលទ្ធផលតេស្តក្នុងនោះមាន៖

* ប្រភេទទី១៖ NPK Methamphetamine
* ប្រភេទទី២៖ Drug Abuse Test
* ប្រភេទទី៣៖ GPO Meth Cassette។

ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចជ្រើសរើសប្រភេទណាមួយ ក្នុងចំណោមប្រភេទ ទាំង៣ខាងលើ សម្រាប់ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត៕