(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការព្រមានជាសាធារណៈ និងណែនាំឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក និងបាញ់ទឹករបស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋ។

ដោយថ្មីនេះៗ សង្កេតឃើញថា នៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី និងសិស្សតាមបណ្តាសាលាមួយចំនួនទៀត បានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាព អនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យបង្កការរំខាន និងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់ និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗ បង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ។

បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែង ជាពិសេសកាលពីពេលថ្មីៗ នេះមានសិស្សជាង១០០នាក់ ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈគប់ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់យកអប់រំធ្វើកិច្ចសន្យាម្តងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត។

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយលោកនាយកសាលា និងគ្រូតាមបណ្តាសាលារៀនចុះអប់រំ ឲ្យសិស្សានុសិស្សទាំងអស់ត្រូវ ចូលរួមគោរពច្បាប់ គោរពសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងស្នើសុំឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕