(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក នៅវិមានព្រឹទ្ធសភា។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានប្រកាសលារដ្ឋសភា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ អំឡុងបើកសម័យប្រជុំលើកទី២ នីតិកាលទី៧។ ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភាវិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤ ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ។

យោងតាមរដ្ឋធម្មនុញ្ញ ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន។ ព្រឹទ្ធសភាមានសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។ សមាជិកព្រឹទ្ធសភាចំនួន ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ រីឯសមាជិកព្រឹទ្ធសភាឯទៀត ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល (ដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងសមាជិករដ្ឋសភាក្នុងតំណែង)។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែង ដើម្បីប្រជែងកៅអីចំនួន៥៨ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ។ ដោយឡែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមប្រកួតប្រជែងដែរនោះ មិនទទួលបានអាសនៈនោះទេ។

សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ រួមមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ ចំណែកឯ សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប រួមមាន លោក សុខ ឥសាន និងលោក ហេង ហាក់លីម៕

ខាងក្រោនេះជាសេចក្តីជូនដំណឹង៖