(បាត់ដំបង)៖ ដើម្បីចូលរួមអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខាតំណាងលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង។

ពិធីនេះក៏មានការចូលរួមពីតំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកគ្រូ ទីប្រឹក្សាយុវជន និងយុវជនដែលបានជ្រើសរើសនៅតាមវិទ្យាល័យគោលដៅចំនួន ៣០នាក់ ស្រី១៦នាក់ មកពីវិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យសម្តេចឪ និងវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ផ្តោតលើ «វិធីសាស្ត្រដើម្បីមានសុខភាពល្អ និងវិធីសាស្ត្របន្សាំទៅនឹងអាកាសធាតុ» នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង។

លើកឡើងនាឱកាសនោះលោក ផេង សិទ្ធី បានពាំនាំប្រសាសន៍របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងសូមថ្លែងអំណរគុណដល់លោកគ្រូទៅប្រឹក្សា និងប្អូនៗទាំង ៣០រូប ដែលបានឆ្លៀតពេលពីការសិក្សា ចូលរួមក្នុងការប្រលងគំនូរក្នុងពេលនេះ ហើយនៅពេលលទ្ធផលចេញមកនៅពេលខាងមុខនេះក្មួយៗដែលមិនជាប់ជ័យលាភី សូមកុំមានការអាក់អន់ស្រពន់ចិត្តអី ព្រោះនេះជាការប្រឡងស្នាដៃដោយយុត្តិធម៌ទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ផេង សិទ្ធី ក៏បានស្នើឱ្យក្មួយៗទាំងអស់យកចិត្តទុកដាក់គោរព និងស្តាប់បង្គាប់ឪពុកម្តាយ ខិតខំរៀនសូត្រគោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ជួយមិត្តដែលទន់ខ្យោយ និងធ្វើតែអំពើណាដែលល្អដើម្បីក្លាយជាកូនល្អសិស្សល្អនិងមិត្តល្អ ពិសេសត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀនក៏ដូចជា ត្រូវគោរពច្បាប់ចរាចរណ៍រាល់ពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំង
អស់គ្នា។

លោកបានបញ្ជាក់ថា កម្មវិធីប្រឡងគំនូរនាពេលនេះគឺក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍ ចន្ទក្រហម៨ ឧសភា២០២៤ ក្រោមប្រធា
នបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

សូមបញ្ជាក់ថា៖ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នេះ មានគោលបំណងរំលឹកដល់ខួបនៃការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាឱកាសបង្ហាញពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនសាធារណជនជាតិ និងអន្តរជាតិ។ តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់សមាគមជាតិ រួមជាមួយរាជរដ្ឋាភិបាលនីតិកាល់ទី៧ នៃរដ្ឋសភា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់វិស័យ សុខភាពសាធារណៈ និងការពង្រឹងភាពធន់របស់សហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាត្រូវការចាំបាច់ នូវការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីធានាបន្តនិរន្តរភាពការងាររបស់ខ្លួន។

បន្ទាប់ពីផ្សព្វផ្សាយគោលបំណងដើម្បីឱ្យប្អូនៗយុវជនបានយល់ដឹងពីខ្លឹមសារ និងសារៈសំខាន់ក្នុងការគូរគំនូរដើម្បីឈានឆ្មោះទៅអបអរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ហើយការប្រឡងគំនូរត្រូវផ្តោតលើកិច្ចការចំនួន២ គឺ វិធីសាស្ត្រដើម្បីមានសុខភាពល្អ និងវិធីសាស្ត្រដើម្បីភាពធន់នឹងអាកាសធាតុ ក្រោយពីដំណើការអស់រយៈពេល ១ព្រឹករួចមក គណៈកម្មការបានពិភាក្សា និងដាក់ពិន្ទុជូនបេក្ខជនដែលបានចូលរួមងប្រឡង ដោយភាពសុក្រិត្យ យុត្តិធម៌ មិនលំអៀង និងបានជ្រើសរើសគំនូរដែលជាប់ចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៣ ដើម្បីផ្ញើគំនូរមកទីស្នាក់ការណ្តាល កាកបាទក្រហមកម្ពុជាទីដោយមានគណៈកម្មការដាក់ពិន្ទុ ហើយសម្រាប់បេក្ខជនដែលទទួលបានជ័យលាភីថ្នាក់ជាតិ នឹងត្រូវឡើងមកបកស្រាយខ្លឹមសាររបស់ខ្លួនដើម្បីឱ្យមហាជនបានជ្រួបជ្រៀបកាត់តែច្បាស់អំពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដោយមានចូលពីសាខាកាកបាទក្រហមកម្ពុជាទាំង២៥ខេត្តផងដែរ៕