(ភ្នំពេញ)៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូតដល់ថ្ងៃទី ១៥ ខែ ឩសភា ឆ្នាំ២០២៤ខាងមុខនេះ។

ការចេញសារថ្លែងអំណរគុណបែបនេះបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃ ក្នុងការសម្រេចមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋខ្មែរ។

លោក អ៊ន ខ្លង ដែលជាពលរដ្ឋខ្មែររស់ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការចរចារដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះការមិនយកប្រាក់លើការធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ នេះគឺជាសមិទ្ធិផលថ្មីមួយទៀត ដែលបង្ហាញពីការយកចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។

លោកថា៖«ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដោយទទួលបានព័ត៌មានថា សម្ដេចធិបតី បានចរចារជាមួយរដ្ឋាភិបាលថៃ មិនយកលុយលើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ។ សូមគោរពអរគុណដល់សម្ដេចមហាបបវធិបតី ហ៊ុន  ម៉ាណែត»។

ទន្ទឹមនឹងនេះលោក ឈុត តុលា ជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃម្នាក់ទៀតលើកឡើងដែរថា ការមិនយកប្រាក់លើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុងពេលចូលឆ្នាំខ្មែរសម្រាប់ពលរដ្ឋខ្មែរគឺជាការជួយសម្របសម្រួលដល់ពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃក្នុងការចេញចូលទៅស្រុកកំណើតរបស់ខ្លួន។ លោកសូមគោរពថ្លែងអំណរគុណ សម្ដេចធិបតី ដែលចរចារជាមួយនាយករដ្ឋមន្រ្តីថៃ ដោយលើកលែងយកតម្លៃសេវាការអនុញ្ញាតចេញ ចូល (Re-entry Permit) ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែ៤ ដល់ថ្ងៃទី១៥ ខែ៥ ឆ្នាំ២០២៤។

គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ សម្រាប់រយៈពេលពេញមួយខែមេសាខាងមុខ៕