(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រួមសហការជាមួយមូលនិធិវិនិយោគអាកាសធាតុ និងធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំនូវ «កម្មវិធីផ្លាស់ប្តូរ ចំណេះដឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដើម្បីចែករំលែកចំណេះដឹង, បទពិសោធន៍, មេរៀន និងមតិយោបល់សំដៅចូលរួមដោះស្រាយ បញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបាន និងកំពុងក្លាយជាបញ្ហាស្មុគស្មាញមួយ នាយុគសម័យថ្មីនេះ ដើម្បីឈានទៅសម្រេចបាន នូវភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហារួមរបស់ពិភពលោកទាំងមូល ដែលទាមទារឱ្យយើងទាំងអស់គ្នា ចូលរួមចាត់វិធានការដោះស្រាយ ប្រកបដោយការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ តាមរយៈការកសាងភាពធន់ និងការបន្ស៊ាំខ្លួនឱ្យបានកាន់តែប្រសើរ ។

អគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបានបង្កឱ្យភពផែនដីឡើងកម្តៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ កាន់តែញឹកញាប់ និងមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ អាស៊ី ដែលមានប្រជាជនប្រមាណ ៦០% នៃប្រជាជនសរុបលើពិភពលោក ស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះជាងគេ ដោយសារការប្រែប្រួលអាកាសធាតុ។

ជាក់ស្តែង កាលពីឆ្នាំ ២០២២ ក្នុងតំបន់អាស៊ី គ្រោះធម្មជាតិបានបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាជន ប្រមាណជាង៥០លាននាក់ និង បង្កឱ្យមានការខាតបង់សេដ្ឋកិច្ច រហូតដល់ប្រមាណ ៨០ពាន់លានដុល្លារអាមេរិក ។ ការណ៍នេះ សបញ្ជាក់ច្បាស់ អំពីភាពធ្ងន់ធ្ងរ និង ភាពងាយរងគ្រោះ ដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ ។

ជាងនេះទៀត ការឡើងកម្តៅនៃភពផែនដី ក៏កំពុងតែដាក់សម្ពាធកាន់តែធ្ងន់ លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការការពារបរិស្ថានរបស់យើង ផងដែរ។ បញ្ហាប្រឈមទាំងនេះ បាន និងកំពុងគម្រាមកំហែង ដល់កាលានុវត្តភាព ក្នុងការធានាបាននូវពិភពលោកមួយដែលគួរឱ្យចង់រស់នៅ សម្រាប់យើងទាំងអស់គ្នា ជាពិសេសសម្រាប់មនុស្សជំនាន់ក្រោយទៀត នេះម្យ៉ាង និងម្យ៉ាងទៀត គឺជាសារដាស់តឿនដល់ថ្នាក់ដឹកនាំ នៅទូទាំងសកលលោក អំពីភាពចាំបាច់ និងភាពបន្ទាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់។

អគ្គបណ្ឌិតសភាចារ្យបានលើកឡើងទៀតថា មូលនិធិវិនិយោគអាកាសធាតុ បាន និងកំពុងគាំទ្រលើការពង្រឹងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទំហំហិរញ្ញប្បទានសរុបប្រមាណ ១១.៥ ពាន់លានដុល្លារអាមេរិក និង មានសក្តានុពលក្នុងការទាក់ទាញធនធានបន្ថែម ប្រមាណ ៦៣ ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់ជាសហហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍ សំដៅឈានទៅរកភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយប្រសិទ្ធភាព ។

អគ្គបណ្ឌិតសភាចារ្យ បន្តថា ក្នុងរយៈពេល ៤ថ្ងៃនៃ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» អ្នកចូលរួម នឹងបានសិក្សាស្វែងយល់បន្ថែម ពីបទពិសោធន៍របស់ប្រទេស នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការអនុវត្តកម្មវិធីនានាដែល គាំទ្រដោយ មូលនិធិវិនិយោគអាកាសធាតុ មានជាអាទិ៍៖ កម្មវិធីសាកល្បង សម្រាប់ភាពធន់នឹងអាកាសធាតុ ឬ ហៅកាត់ថា «PPCR» និង កម្មវិធីវិនិយោគព្រៃឈើ ឬហៅកាត់ថា «FIP»

ទន្ទឹមនេះ «កម្មវិធីផ្លាស់ប្តូរចំណេះដឹង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ក៏នឹងដើរតួរនាទីជាវេទិកាដ៏សំខាន់ សម្រាប់ថ្នាក់ដឹកនាំ, អ្នករៀបចំគោលនយោបាយ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការបង្ហាញនូវនវានុវត្តភាព, ការចែករំលែកនូវលទ្ធផល និងការពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀននានា ដែលខ្លួនបានជួបប្រទះ ក្នុងកិច្ចដំណើរការអនុវត្តកម្មវិធីអភិរក្ស និង រក្សានិរន្តរភាព ព្រៃឈើ និងកម្មវិធីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

អគ្គបណ្ឌិតសភាចារ្យជំរុញឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងចំណោមបណ្តាប្រទេស ជាសមាជិកទាំងអស់នៃមូលនិធិវិនិយោគអាកាសធាតុ ពីព្រោះប្រសិនបើមិនមានកិច្ចសហការស្អិតល្មួតនោះទេ នឹងជួបការលំបាកកាន់តែច្រើន ក្នុងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ និងការរក្សាសុខុមាលភាពរបស់ប្រជាជន៕