(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តនៅត្រីមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងតួនាទីភារកិច្ចជាក់ស្តែងចំពោះ មុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, រយៈពេល៣ខែកន្លងមកនេះ សភាពការណ៍យោធានៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ពុំមានអ្វីធំដុំដែលគួរឱ្យកត់សម្គាល់ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនសរុបចំនួន ៥ ៣៤១លើក (ព្រំដែនកម្ពុជា-ថៃ១ ៩៤១លើក កម្ពុជា-វៀតណាម២ ០៥៩លើក កម្ពុជា-ឡាវ១ ៣៤១លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ ព្រំដែននិងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេសជិតខាង ព្រមទាំងបានបន្តពង្រឹង កិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។

ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស កងយោធពលខេមរភូមិន្ទបានបន្ត ម្ចាស់ការនិងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាប សកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានសហការជាមួយបណ្តាស្ថាប័ន រាជរដ្ឋាភិបាលពាក់ព័ន្ធនានាគោរព និងអនុវត្តបទបញ្ជាបង្ក្រាបសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធនិងសកម្មភាពជួញដូរ-ប្រើប្រាស់គ្រឿងញៀន សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន ៩២៨លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន៥៣៩លើក។

កងយោធពលខេមរភូមិន្ទបានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយនិងសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍និងប្រភេទ២ ការងារកសាង ច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាព កងទ័ពនិងគ្រួសារ ការងារគ្រប់គ្រងនិងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារ កសាងនិងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ សំណង់អគារគ្រប់ប្រភេទនិងការ បោសសម្អាតគ្រាប់មីន ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេស ព្រមទាំង ការងារមួយចំនួនទៀត តាមផែនការដោយសម្រេចបាននូវលទ្ធផលល្អ។

លោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ ក្រសួងការពារជាតិ ក៏បានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្ត ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដោយបន្តអនុវត្តតាមផែនការដែលបានដាក់ចេញ តាមរយៈការបន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍប្រទេស, បន្តធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ព, បន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យនៅតាមតំបន់ព្រំដែន និងចូលរួមទប់ស្កាត់បង្ការបង្ក្រាប សកម្មភាពបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រនិងសកម្មភាពឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាព ព្រមទាំងបន្តធ្វើការទប់ស្កាត់និងបង្ក្រាបឱ្យបានដាច់ខាតសកម្មភាពភេរវកម្ម និងបដិវត្តន៍ពណ៌នៅក្នុងកម្ពុជាផងដែរ៕