(ព្រះសីហនុ)៖ ការស្រាវជ្រាវតាមបណ្តឹង Hotline សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ០២នាក់ និងជនជាតិឥណ្ឌូនេស៉ីចំនួន ៥នាក់។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចទទួលបានបណ្តឹងចំនួន ០៣លើក មានមនុស្ស ០៩នាក់។

ជនជាតិវៀតណាម និងជនជាតិឥណ្ឌូនេស៉ី ដែលសមត្ថកិច្ចកម្ពុជាស្វែងរកឃើញតាមរយៈពាក្យបណ្តឹងចំនួន ០៤ករណី ពុំមែនជាករណីចាប់បង្ខាំង ធ្វើទារុណកម្មនោះទេ ប៉ុន្តែ និងជនជាតិវៀតណាម និងជនជាតិឥណ្ឌូនេស៉ី ចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានសរុប ១,៣៦០ករណី មានមនុស្ស ៣,១៥០នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,២៤៤សំណើ និងបិទសំណុំរឿង ៤១១សំណើ (រកឃើញមនុស្ស ១,៨៩៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៧៤ករណី៕