(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សំដៅលើប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ស្របតាមពាក្យស្លោក «កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌» ក្នុងគោលបំណងដើម្បី «អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ» ជាពិសេសស្របពេលដែលប្រទេសជាតិ បាននិងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ក៏ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូប ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសារមន្ទីរខេត្តកំពង់ធំ រាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានអានរបាយការណ៍ពីសកម្មភាពរបស់មន្ទីរវប្បធម៌ អនុវត្តបានកន្លងមក និងនាទី និងភារកិច្ចដឹកនាំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាដល់យុវជនគោលដៅប្រកបដោយប្រសិទ្ធភាព និងគុណភាពតាមរយៈគ្រូជំនាញមកពីក្រសួងនៅតាមជនបទ នៅតែរក្សាបានវប្បធម៌ល្អបរិសុទ្ធដោយសារការខិតខំថែរក្សាពីព្រឹទ្ធាចារ្យ ព្រះសង្ឃ គ្រូបង្រៀននិងរដ្ឋអំណាចមូលដ្ឋាន។

ដើម្បីថែរក្សាចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តបញ្ញាញាណ និងអាយុជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប ដែលមានតម្លៃមិនអាចកាត់ថ្លៃ បាននិងបានថែរក្សាការពារទុកឲ្យកូនចៅជំនាន់ក្រោយ។

លោក ងួន រតនៈ បានលើកឡើងថា សង្គមខ្មែរមានការអភិវឌ្ឍតាមល្បឿនសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ បច្ចេកទេសទំនើប និងនវានុវត្តន៍ តែអ្វីៗដែល ជាអត្តសញ្ញាណជាតិ ក៏តម្រូវឲ្យមានការវិវឌ្ឍជាបន្តបន្ទាប់ដែរ ដើម្បីលើកកម្ពស់ជីវភាពវប្បធម៌របស់ប្រជាពលរដ្ឋ។

លោកបន្តថា ស្ថិតក្នុងស្ថានភាពនេះបើពិនិត្យដោយជាក់ស្តែងឃើញថា នៅតាមទីក្រុង ឬទីប្រជុំជនខ្លះ បានធ្វើឲ្យវិស័យខ្លះនៃវប្បធម៌ជាតិ ត្រូវអន់ថយជាបណ្តើរៗ នាឆ្នាំកន្លងទៅក៏ដូចជាឆ្នាំនេះដែរទិវាវប្បធម៌ជាតិ ៣មីនា សំដៅលើប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ស្របតាមពាក្យស្លោក «កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌»

លោកបន្ថែមទៀតថា ស្របពេលដែលប្រទេសជាតិ បាននិងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ក៏ជាភារកិច្ចស្នូល នៃមនុស្សគ្រប់រូបផងដែរ។ ជំនាញវិជ្ជាជីវៈដូនតា និងថ្នាលបណ្តុះបណ្តាល វប្បធម៌ជាតិ គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសំដៅយកចិត្តទុកដាក់ដល់ការអភិរក្សលើកស្ទួយ ព្រមទាំងផ្ទេរចំណេះជំនាញសិប្បកម្ម សិល្បៈប្រពៃណីដល់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។

លោក ងួន រតនៈ បានបញ្ជាក់ថា ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើម្បីបំផុសស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសក្នុងស្រទាប់យុវជន ដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិរក្សវប្បធម៌ជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕