(ក្រចេះ)៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយណែនាំអប់រំដល់អាជីវករលក់ត្រី តាមផ្សារក្នុងក្រុងក្រចេះនា ដោយមិនអនុញ្ញាតមានកាទិញលក់ដឹកជញ្ជូន និងរក្សាទុកប្រភេទធនធានជលផលទឹកសាប ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ចំនួន២៩ប្រភេទ ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ១២៣ អនក្រ.បក ឆ្នាំ២០០៩។

ក្នុងនោះរួមមាន ត្រីរាជ, ត្រីគល់រាំង, ត្រីត្រសក់ក្រហម, ត្រីត្រសក់, ត្រីត្រសក់ស, ត្រីនាគ, ត្រីថ្ក, ត្រីកៀតស្រងំ, ត្រីបីកំណាត់ ឬត្រីខ្លា, ផ្សោតក្បាលត្រឡោក, ត្រីស្ទគំ, ត្រីកន្ត្រប់ខ្លា, ត្រីក្ប, ត្រីឆ្មាក្រពើ និងក្រពើត្រីជាដើម។

ជាមួយគ្នានេះ សមត្ថកិច្ចជំនាញបានធ្វើការផ្សព្វផ្សាយណែនាំ និងអប់រំបន្ថែម ដោយមិនឲ្យមានការទិញលក់ និងដឹកជញ្ជូនត្រីបបែលចាប់ពីពេលនេះតទៅ បើទោះបីជាមិនទាន់មានច្បាប់អនុក្រឹត្យឬប្រកាសហាមឃាត់យ៉ាងណាក្តី ដែលបច្ចុប្បន្នរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងមានការយកចិត្តទុកដាក់ក្នុងគ្រប់គ្រងការពារ និងអភិរក្សប្រភេទត្រីកម្រនេះ ហើយបាននិងកំពុងរៀបចំឯកសារស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញនូវអនុក្រឹត្យដើម្បីថែរក្សាការពារ និងធ្វើការអភិរក្ស។

លោកនាយខណ្ឌរូបនេះ បានស្នើសុំទៅអាជីវករលក់ដូរត្រីនៅតាមទីផ្សារទាំងអស់ សូមមេត្តាកុំទិញលក់ដឹកជញ្ជូន ឬរក្សាទុកប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ពូជ និងត្រីបបែលផងដែរ ប្រសិនបើសមត្ថកិច្ចជំនាញរកឃើញនឹងទទួលការផ្ដន្ទាទោស និងត្រូវពិន័យទៅតាមច្បាប់៕