(ឥណ្ឌូនេស៉ី)៖ តបតាមការអញ្ជើញរបស់លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងការត្រៀមសម្រាប់ដំណើរឆ្ពោះទៅរកសមាជិកភាពពេញនៅក្នុងអាស៊ានរបស់ទីម័រខាងកើត អគ្គលេខាធិការអាស៊ាន នឹងដឹកនាំក្រុមការងារលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំង៣នៃសហគមន៍អាស៊ាន ព្រមទាំងការតភ្ជាប់អាស៊ាន ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតី José Ramos-Horta, នាយករដ្ឋមន្ត្រី Xanana Gusmão, ប្រធានសភាជាតិ Maria Fernanda Lay, រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ Bendito dos Santos Freitas ព្រមទាំងមន្ត្រីជាន់ខ្ពស់ទីម័រខាងកើតមួយចំនួនទៀត។

លោកបណ្ឌិត កៅ គឹមហួន ក៏នឹងមានជំនួបជាមួយប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំងតំណាងវិស័យឯកជនមួយចំនួនទៀតផងដែរ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនោះ អគ្គលេខាធិការអាស៊ាន ក៏គ្រោងជួបជាមួយមេដឹកនាំវ័យក្មេងនាពេលអនាគតរបស់ទីម័រខាងកើត និងឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកអាស៊ាន ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីឌីលី ផងដែរ៕