(កណ្ដាល)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានកម្មវិធីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកទេសភ្នែក ចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមការឧបត្ថម្ភពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ដោយមានប្រជាពលរដ្ឋអញ្ជើញមកពីឃុំទាំង ៨ ក្នុងស្រុកកៀនស្វាយ ចំនួនប្រមាណ ១៩១៤នាក់ ដើម្បីទទួលការពិនិត្យនិងព្យាបាល។

កម្មវិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងលោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដោយមានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល, លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ និងលោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារចលនាយុវជន ចុះមូលដ្ឋានឃុំ-ស្រុកកៀនស្វាយ។

លោកបណ្ឌិត បានលើកឡើងអំពីសមិទ្ធផលធំៗជាច្រើនអនេក លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ក្រោមម្លប់សន្ដិភាពពេញផ្ទៃប្រទេស នៃការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន កន្លងមក និង ដំណើរឆ្ពោះទៅមុខដ៏ស្វាហាប់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកប ដោយសមត្ថភាព និងថាមពល សំដៅកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

កម្មវិធីចុះពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងស្រុកកៀនស្វាយ ត្រូវបានរៀបចំជាបន្ដបន្ទាប់ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនានា ដូចជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA), ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី លើការពិនិត្យសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងអេកូស្ត្រីមានផ្ទៃពោះជាដើម។ កម្មវិធីនាថ្ងៃនេះ ជាកម្មវិធីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកទេសភ្នែកចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកៀនស្វាយរបស់យើង។

ទន្ទឹមនោះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ក៏បានចូលរួមកសាងសមិទ្ធផលជាច្រើនក្នុងវិស័យសុខាភិបាល ក្នុងស្រុកកៀនស្វាយ ដូចជា ការកសាងអគារនិងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមណ្ឌលសុខភាពឃុំសំរោងធំ, ការកសាងបន្ទប់អនាម័យដល់មណ្ឌលសុខភាពឃុំបន្ទាយដែក, ការផ្ដល់រថយន្ដគិលានសង្គ្រោះដល់មណ្ឌលសុខភាពឃុំបន្ទាយដែកនិងឃុំដីឥដ្ឋ និងការឧបត្ថម្ភសម្ភារៈនិងថវិកាសម្រាប់ទ្រទ្រង់ដល់សកម្មភាពការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម៕