(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានចេញមកច្រានចោលការចោទប្រកាន់ពីបណ្ដាញសង្គម ទៅលើលោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌ ពាក់ព័ន្ធការយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុវត្តបញ្ហាដីធ្លី។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌឫស្សីកែវ សម្ដែងការសោកស្តាយជាខ្លាំងចំពោះការលើកឡើងខាងលើ ដោយបានផ្សព្វផ្សាយនូវ ព័ត៌មានមិនពិត មិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៍មានតែម្ខាងមិនមានការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យមូលបង្អួចធ្វើឲ្យសាធារណះបត៌មាន ការភន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌស្សីកែវ។

រដ្ឋបាលខណ្ឌ បានបញ្ជាក់ថា រូបភាពដែលម្ចាស់គណនីបានយកទៅធ្វើការផ្សព្វផ្សាយ ជាសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដែលក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដកហូតសម្ភារះសំណង់រឹងមាំមួយកន្លែង ដែលលបលួចសាងសង់ទាំងយប់ទាំងថ្ងៃ រំលោភលើដីឡូត៍បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ រំលោភបិទ កំណាត់ផ្លូវសាធារណៈលេខ១៧០៩ និងដីគម្រោងសួនច្បារ ក្នុងតំបន់អភិវឌ្ឍន៍ប្ញស្សីកែវ ដែលកន្លងមក រដ្ឋបាលខណ្ឌ បានចុះហាមឃាត់ និងបានចេញសេចក្ដីជួនដំណឹងឲ្យបញ្ឈប់ការសាងសង់ និងរុះរើចេញវិញចំនួន ០២លើក ស្ថិតនៅភូមិស្ថានខ្ពស់ សង្កាត់គីឡូម៉ែត្រលេ០៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលដឹកនាំ និងអនុវត្តដោយ លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ៕