(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅថ្ងៃទី៣០ ខែមីនានេះ បានលើកយកមេរៀនអំពីការសរសេរអត្ថបទកំសាន្ត ឬ Feature Story បង្រៀនដល់សិក្ខាកាមរបស់ FTC។ អត្ថបទកំសាន្ត ឬ Feature Story គឺជាប្រភេទអត្ថបទត្រជាក់ ដែលមិនជាប់ទាក់ទងនឹងការសរសេរពង្រីកចេញពីអត្ថបទដំណឹងក្តៅនោះឡើយ។

បើតាមលោក ម៉ារ យ៉ារិទ្ធិ, អត្ថបទកំសាន្តនេះ ក៏មិនមែនជាការសរសេរ ជូនដំណឹងអំពីព្រឹត្តិការណ៍ណាមួយនោះដែរ។ ប៉ុន្តែអត្ថបទកំសាន្ត ឬ Feature Story គឺជាអត្ថបទ ដែលសរសេរឱ្យអតិថិជនបានដឹងនូវរឿងប្លែកទាក់ទងនឹងភាពកំសាន្ត…ស្មានមិនដល់… ភាពទុក្ខសោកពិតនៃជីវិតមនុស្សដែលឆ្លុះបញ្ចាំងនឹងការពិតសង្គម ។ល។

ប្រធានមជ្ឈមណ្ឌល FTC បានបន្តថា អត្ថបទកំសាន្ត ឬ Feature Story គឺប្រើ DELAYED LEAD ក្នុងការនាំចូលសាច់រឿង។ អ្នកសរសេរ ជួនកាលប្រើរឿងនិទានខ្លីៗដែលគេបានចាប់អារម្មណ៍ ក្នុងការអូសចូល សាច់រឿង Nut Graf តែម្តង។ ការសរសេរ តួអង្គរាងកាយនៃអត្ថបទវែងកំសាន្ត ឬ Feature Story នោះវិញ ក៏មិនខុសគ្នាខ្លាំងពីការសរសេរ News Feature នោះដែរ។ ដោយអ្វីៗទាំងអស់គឺស្ថិតក្នុងកណ្តាប់ដៃរបស់អ្នកសរសេរដែលចង់ឱ្យទស្សនិកជនចង់ដឹងអំពីរឿង អ្វីដែលស្មេរមើលនិងគិតថាអស្ចារ្យឬគួរឱ្យអាណិតអាសូរនោះ។ ការសរសេរមិនត្រូវផ្អែកលើប្រភពតែមួយនោះទេ។ អ្វីដែលប្រភពបានប្រាប់យើង មិនមែនជាសាច់រឿងទាំងអស់ដែលយើងចេះតែដាក់បញ្ចូលក្នុងសាច់ រឿងនោះទេ ត្រូវចេះជ្រើស រើសពាក្យសម្តីដែលនិយាយឱ្យចំនឹងសាច់រឿងដែលយើងចង់ប្រាប់ទស្សនិកជនរបស់យើង។

លោក ម៉ារ យ៉ារិទ្ធិ បានលើកយកឧទាហរណ៍ពីអ្នកនិពន្ធ Melvin Mencher ដែលបានសរសេរក្នុងសៀវភៅរបស់លោកថា មានអ្នកសរសេរខ្លះបាន ប្រព្រឹត្តខុស ដោយប្រើប្រាស់សាច់រឿងបុគ្គល និងយកមកបញ្ចេញបញ្ចូលតាមទស្សនៈរបស់ខ្លួន ធ្វើឱ្យភាពពិតរបស់រឿង បានដើរចេញឆ្ងាយពីការពិត។ លោកបានថ្លែងថាកិច្ចការសរសេរអត្ថបទវែងកំសាន្តឬFeature Story នេះ តម្រូវរកអ្នកសរសេរប្រកបដោយក្រសែភ្នែកពូកែ និងមានការវិនិច្ឆ័យល្អ ត្រចៀកមិនមែនចេះតែស្លុងជឿតាម តែគេនិយាយ ត្រូវចេះរកមើលការពិត ចេះប្រៀបធៀប នឹងសកម្មភាពពិតដែលបុគ្គលកំពុងតែប្រព្រឹត្ត ហើយត្រូវចេះជ្រើសរកសម្តី Quotes ល្អៗ និងអ្វីសំខាន់មកសរសេរបញ្ចូលក្នុងសាច់រឿង។ លោកថា ស្មេរត្រូវ សួរខ្លួន ឯងថាតើអ្នកចង់និយាយប្រាប់ទស្សនិកជនអំពីអ្វីនៅមុនការចាប់ផ្តើមសរសេរនោះ? ត្រូវសរសេរភាពពិតដែល ជាប់ទាក់ទងនឹងសាច់រឿងដោយមិនត្រូវក្លែងបន្លំឡើង ព្រោះនឹងមិន អាចលាក់បំបាំងជិតពីទស្សនិកជនឡើយ។

លោក ម៉ារ យ៉ារិទ្ធិ ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕