(កណ្តាល)៖ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណ​បក្សប្រជាជនកម្ពុជា បានលើកឡើងថា សាមគ្គីភាព និងការឯកភាពផ្ទៃក្នុងដ៏រឹងមាំរាប់​ពី​ថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល គឺជាបុព្វហេតុដ៏ចម្បងមួយ ដែលនាំឱ្យគណបក្សប្រជាជន​កម្ពុជាតែងឈ្នះលើសមរភូមិប្រជាធិបតេយ្យ និងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់​ប្រជាពលរដ្ឋរាល់ពេលបោះឆ្នោត។

អ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុក​កណ្ដាល​​ស្ទឹង បានគូសបញ្ជាក់បែបនេះ ក្នុងពេលសំណេះសំណាល ជាមួយមន្ត្រីគណ​បក្ស​ស្រុក-ឃុំ ចំនួន ១៨៨រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកណ្ដាលស្ទឹង នាព្រឹក​ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនោះ ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក​កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានគណៈពង្រឹងការងារស្រុកកណ្តាលស្ទឹង, អ្នកឧក​ញ៉ា ទ្រី ភាព បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះមន្ត្រីគណ​បក្ស​​​ស្រុក-ឃុំទាំងអស់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តធ្វើឱ្យគណបក្សប្រជាជន​កម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ​កាល​ទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិ​កាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

អ្នកឧកញ៉ា ទ្រី ភាព បានថ្លែងថា ជោគជ័យដែលទទួលបាននេះ កើតចេញពីស្មោះស្ម័គ្រ កើត​ចេញពីទឹកចិត្តគោរពស្រឡាញ់ និងការរួមចំណែក​ដ៏ធំធេងមិនអាចខ្វះបានរបស់​មន្ត្រី​គណ​បក្ស​ស្រុក និងឃុំទាំងអស់ក្នុងស្រុកកណ្តាលស្ទឹង។

ដោយកម្ពុជាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតនៅតែមានជាបន្ត​បន្ទាប់។ ដូច្នេះកិច្ចប្រឹងប្រែងដណ្តើមយកបេះដូងប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក៏គ្មានទីបញ្ចប់​នោះ​ដែរ។ នេះជាការក្រើនរំលឹករបស់អ្នកឧកញ៉ា ទ្រី ភាព ទៅកាន់សមាជិក សមាជិកា​គណ​បក្សប្រជាជនកម្ពុជាក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ដើម្បីបន្តរក្សាបានការគាំទ្រ និងការពេញចិត្តពី​សំ​ណាក់​ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលកំពុងបម្រើការងារ​នៅ​ថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ​ប្រសើរ ហើយត្រូវចៀសវាងឱ្យបានដាច់ខាតការយកប្រាក់កម្រៃក្រៅសេវាពីប្រជាពលរដ្ឋ។

«ការធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ គឺជាកំហុសមួយដ៏ធ្ងន់របស់មន្ត្រីយើង ហើយប្រៀបបាន​នឹង​បំផ្លាញទឹកចិត្ត បំផ្លាញការគាំទ្ររបស់ប្រជាពលរដ្ឋផងដែរ»។ នេះជាការបញ្ជាក់របស់អ្នក​ឧក​ញ៉ា ទ្រី ភាព។

អ្នកឧកញ៉ា បន្ថែមថា «សម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹក​នាំគណបក្សប្រជាជនកម្ពុជាដទៃទៀតលោកបានប្រឹងប្រែងណាស់ ក្នុងការកសាងប្រទេស​ជាតិ​មួយនេះ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម លើកស្ទួយការអភិវឌ្ឍឱ្យរីកចម្រើន ប្រជា​ពលរដ្ឋមានជីវភាពល្អប្រសើរដូចបច្ចុប្បន្ន។ ដូច្នេះយើងមិនត្រូវបំផ្លាញកិច្ចប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ ព្រោះតែការបម្រើប្រជាពលរដ្ឋមិនបានល្អនោះឡើយ»

ខែឧសភាខាងមុខនេះ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំក្នុងស្រុកកណ្តាលស្ទឹង នឹងមានភារ​កិច្ចដ៏​សំខាន់​​​មួយទៀត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងស្រុក។ អា​ស្រ័យ​​ហេតុ​នេះ អ្នកឧកញ៉ា ទ្រី ភាព បានស្នើឱ្យអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំនៅទូទាំង​ស្រុក​កណ្តាល​ស្ទឹងទាំង៨៣រូប ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្នាទៅចូលរួមបោះ​ឆ្នោតជូន​មន្ត្រីក្រុមប្រឹក្សាខេត្ត និងស្រុករបស់គណបក្សប្រជាជនកម្ពុជា។

មុននឹងបញ្ចប់កិច្ចសំណេះសំណាលអ្នកឧកញ៉ា ទ្រី ភាព បន្តអំពាវនាវដល់សមាជិក សមា​ជិ​កាក្នុងស្រុកទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះជួយទុក្ខធុរៈគ្នា ព្រោះការរួបរួមសាមគ្គី​ភាព និងឯកភាពផ្ទៃក្នុង គឺជាធាតុធ្វើឱ្យបក្សរឹងមាំ ហើយតែងទទួលបានជោគជ័យលើសម​រ​ភូមិប្រជាធិបតេយ្យ។

សូមបញ្ជាក់ជូនថា ក្នុងពិធីសំណេះសំណាលនេះ អ្នកឧកញ៉ា បានចំណាយថវិកា​សម្រាប់​បម្រើដល់សកម្មភាពនានារបស់បក្សសរុប​ប្រមាណ​​ជា ៨០លានរៀល៕