(ភ្នំពេញ)៖ ខណៈដែលសភាពការណ៍ពិភពលោកកាន់តែស្មុកស្មាញ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជំរុញឱ្យមន្រ្ដីរាជការក្រសួងការបរទេសខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោក ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានាទៅជាឱកាស និងបង្កើនផលប្រយោជន៍ស្នូលជាអតិបរមាសម្រាប់ជាតិ។

ការដាក់ចេញនូវសកម្មភាពនេះ បានធ្វើឡើង ក្នុងពិធីបើកសន្និបាតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

បច្ចុប្បន្នស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ពិបាកនឹងប៉ាន់ស្មាន ក្នុងនោះមានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រួមទាំងបញ្ហាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីដទៃទៀត ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខស្បៀង និងថាមពលជាដើម។

លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថា បញ្ហាទាំងនេះ កំពុងស្ថិតនៅតែជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយរួមគ្នា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលនៅមានភាពផុយស្រួយនៅឡើយ ទោះបីត្រូវបានស្ដារឡើងវិញជាបណ្តើរៗក្តី។

«ស្ថិតក្នុងបរិបទខាងលើ និងក្នុងគោលដៅបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយ
ការបរទេស និងការងារការទូតបុរេសកម្ម ឯករាជ្យ ផ្អែកលើច្បាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យមន្រ្ដីរាជការក្រសួងទាំងអស់ខិតខំតាមដាន វិភាគ និងវាយតម្លៃសភាពការណ៍តំបន់ និងពិភពលោក ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន សំដៅប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាព និងបង្កើនផលប្រយោជន៍ស្នូលជាអតិបរមាសម្រាប់ជាតិ»។ នេះបើតាមការបញ្ជាក់របស់ ប្រមុខការទូតកម្ពុជា។

ជាមួយនឹងស្ថានការណ៍នេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការងារដែលក្រសួងនឹងបន្តធ្វើបន្ថែមទៀតនោះគឺការបន្តកសាងសមត្ថភាពវិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ ដើម្បីឱ្យមន្រ្តីការទូតកាន់តែមានភក្តីភាពចំពោះជាតិ ប្រកបដោយវិជ្ជាជីវៈ និងទទួលបានជំនាញថ្មីៗគ្រប់គ្រាន់ មានភាពប៉ិនប្រសប់ សមត្ថភាពខ្ពស់ វៀងវៃ បត់បែន និងក្លាយជាយុទ្ធជនឈានមុខ ក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជន។

លោកថា៖ «ការងារកំណែទម្រង់នេះ គឺជាការអនុវត្តយ៉ាងត្រឹមត្រូវស្របតាម យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបន្តកំណត់យក "មនុស្ស" ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដើម្បី "ជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព"»។

ទោះជាយ៉ាងនេះក្តី លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការរបស់ក្រសួង ដែលមានមនសិការស្នេហាជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់៕