(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា ពន្លឿនការរៀបចំសម្អាតក្រុងមុនពេលសង្ក្រាន្តឆ្នាំថ្មីចូលមកដល់ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ នៃដំណើរការការងាររបស់គម្រោងរៀបចំបណ្ដាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អនុវត្តក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤។

បន្ទាប់ពីទទួលបានការពិភាក្សាជាមួយចៅសង្កាត់ទាំងបួន ក្នុងក្រុងកំពង់ចាម រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ក្រុមហ៊ុន ជួយធ្វើការសំអាតផ្លូវដែលខ្លួនបានកាយដីដាក់លូ តាមលក្ខណៈបច្ចេកទេសកុំឲ្យមានដីហុយ ដើម្បីជួយបង្កលក្ខណៈឲ្យប្រជាពលរដ្ឋទទួលបានផាសុខភាព បានសប្បាយរីករាយ ក្នុងឱកាសទទួលទេវតាឆ្នាំថ្មីខាងមុខនេះ។

លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងជានាយកគម្រោងអនុវត្តក្រុងរបៀង មហាអនុតំបន់មេគង្គជំហានទី៤ ក៏បានស្នើសុំដល់រដ្ឋបាលខេត្ត រៀបចំឲ្យមានការប្រជុំ ១សប្តាហ៍ម្តង រវាងក្រុមការងារខេត្ត និងទីប្រឹក្សាបច្ចេកទេសខាងក្រុមហ៊ុន ដើម្បីរួមគ្នាដោះស្រាយបញ្ហា ពិសេសមុនពេលសង្ក្រាន្តចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋ និងគិគូរអំពីបញ្ហាគម្រោង ដែលដំណើរការបន្ត។

លោកបានស្នើសុំដល់អាជ្ញាធរខេត្តកំពង់ចាម ឲ្យរៀបចំជាផែនទី នូវទីតាំងដែលត្រូវរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ ដោយចែកជាតំបន់ ដើម្បីឲ្យក្រុមហ៊ុនផ្អាកការងារ និងរៀបចំសម្អាតទីតាំងនោះ ឲ្យមានភាពប្រក្រតីឡើងវិញ នូវទីកន្លែងដែលមានប្រជាពលរដ្ឋចូលរួមកម្សាន្តច្រើន។ ដោយឡែកនៅតំបន់បន្ទាប់បន្សំ គឺខាងក្រុមហ៊ុនអាចបន្តការងារបានដោយមានការឯកភាព ពីគណៈកម្មការសម្របសម្រួលលំហូចរាចរ។

តំណាងក្រុមហ៊ុនគម្រោងរៀបចំបណ្ដាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម បានឲ្យដឹងថា គម្រោងនេះ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺមានរយៈពេលសាងសង់ចំនួន៣៦ខែ។ ចំណែកវឌ្ឍនភាពការងារមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ធ្វើការងារបានលទ្ធផល៣៥.៥ភាគរយ៕