(ព្រះវិហារ)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍជនបទ និងលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្រ្ដីនៃមន្ទីរអភិវឌ្ឍជនបទជាច្រើនរូបផង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះដែរ លោក អ៊ុក គឹមសាន បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ ដែលបានឈ្លាតពេលវេលាមមាញឹកចូលរួមផ្សព្វផ្សាយខ្លឹមសាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចបានឃើញជាក់ស្តែងនូវការអភិវឌ្ឍរបស់ខេត្តព្រះវិហារ ដែលជាខេត្តមួយដាច់ស្រយ៉ាលជាប់ព្រំដែនជាមួយប្រទេសថៃ និងប្រទេសឡាវ។ លោកថាដោយសារប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យខេត្តព្រះវិហារមានការអភិវឌ្ឍន៍ មានផ្លូវថ្នល់ខ្វាត់ខ្វែង ដែលកាលពីមុនសូម្បីផ្លូវធ្វើដំណើរពីភ្នំពេញមកខេត្តព្រះវិហារ ក៏ពិបាកធ្វើដំណើរដែរ។

លោកអភិបាលរងខេត្តព្រះវិហារបានបន្តថា ខេត្តព្រះវិហារជាខេត្តមួយដែលពឹងផ្អែកលើវិស័យកសិកម្ម លោកក៏ថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានធ្វើផ្លូវនៅតាមក្រុង ស្រុកជូនពួកគាត់សម្រាប់ដឹកជញ្ជូនកសិផលកសិកម្មមានភាពងាយស្រួល។ លោកសង្ឃឹមថាថ្នាក់ដឹកដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទដែលអញ្ជើញមកផ្សព្វផ្សាយនេះនឹងបានពិនិត្យឃើញពីសមិទ្ធផលរបស់ខេត្តព្រះវិហារ ពីការរីកចម្រើន និងការខ្វះខាតដើម្បីចូលរួមចំណែកឱ្យខេត្តព្រះវិហារ សំបូរផ្លូវថ្នល់ខ្វាត់ខ្វែង ដែលជាសរសៃឈាមសម្រាប់ដឹកផលិតផលកសិកម្មរបស់ប្រជាពល់រដ្ឋ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត លោក អ៊ុក គឹមសាន ប្តេជ្ញាធ្វើការងារជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល និងកសាងប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមជនបទ ឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៥។

អភិបាលខេត្តព្រះវិហារ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ផ្លូវក្រាលកៅស៊ូ DBST ចំនួន៩ទីតាំងដល់ខេត្តព្រះវិហារ ដែលជាចំណងដៃដ៏ថ្លៃថ្លាបំផុតសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ លោកក៏បានស្នើរសុំដល់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ជួយផ្តល់លទ្ធភាពឱ្យបានច្រើនទៅលើការអភិវឌ្ឍន៍ផ្លូវជនបទក្នុងខេត្តព្រះវិហារ។

ដោយឡែកបណ្ឌិត ចាន់ ដារ៉ុង បានថ្លែងថា បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច និងនយោបា យសកលលោកស្ថិតក្នុងភាពផុសស្រួយ ដោយសារឥទ្ធិពលនៃជំងឺកូវិបត្តិជំងឺកូវីដ១៩ សង្គ្រាមរុស្សី-អ៊ុយក្រែន អ៉ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន និងការប្រែប្រួលអាកាសធាតុជាសាកល។ កត្តាទាំងនេះកំពុងជះឥទ្ធិពលយ៉ាងខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យមានដំណោះស្រាយប្រកបដោយភាពប៉ិនប្រសព្វ។ ជាភ័ព្វសំណាងកម្ពុជារក្សាបានសន្តិភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិស្របតាម ក្រមខណ្ឌយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤៖ កំណើន ការងារ សមធម៍ និងប្រសិទ្ធភាព។

លោកបណ្ឌិតបានបន្តថា នៅក្នុងបុព្វហេតុ នៃការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន រាជរដ្ឋា ភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រ ទេសព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៖ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពព្រមទាំងបាន កំណត់អាទិភាព គន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យ ក្នុងគោលដៅអភវឌ្ឍន៍កម្ពុជាឱ្យទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្ថែមថា ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងប្រែក្លាយតំបន់អភិវឌ្ឍន៍រីក ចម្រើនប្រកបដោយបរិយាបន្ត និងមាននិរន្តភាព។ នៅក្នុងន័យនេះ ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ ជាបន្តបន្ទាប់ជាអាទិ៍ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ ៥ឆ្នាំ (២០១៩-២០២៣) មានគោលបំណង «លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្តទាំងផ្នែក សេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌» ដោយបានកំណត់យុទ្ធសាស្រ្តចំនួន៤ គឺទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័នរូបវ័ន និងគមនាគមន៍, ទី២៖ លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន៕