(ចិន)៖​ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីបើកនៃសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ ក្រោមប្រធានបទ​ អាស៊ីនិងពិភពលោក៖ ការប្រឈមរួម ការទទួលខុសត្រូវរួម សន្និសីទនេះមានអ្នកចូលរួមជាច្រើន រួមទាំងអតីតប្រមុខរដ្ឋាភិបាលនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

នៅរសៀលថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងក្នុងសម័យប្រជុំស្តីពី អាស៊ី៖ ការកសាងចំណុចស្នូលនៃកំណើន ដោយលោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងគោលជំហររបស់តំបន់ ក្នុងនាមជាចំណុចស្នូលនៃកំណើន តាមរយៈការពង្រឹងភាពធន់ និងសមត្ថភាព ដើម្បីស្តារឡើងវិញពីការប្រឈម និងការរាំងស្ទះនានា នាពេលកន្លងមក។

នៅល្ងាចថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន រួមមាន China Media Group, Global People Magazine និង Southern Finance Omnimedia Corporation (21st Business Herald) ។ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកគំនិត និងទស្សនៈវិស័យ ស្តីពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានចែករំលែកពីការវិវត្តិន៍ចុងក្រោយក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។

នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយឥស្សរជនមួយចំនួនទៀត បានចូលរួមក្នុងការពិសាអាហារស្វាគមន៍ សម្រាប់សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ផងដែរ៕