(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលារៀនក្វាងចាវក្នុងខណ្ឌទួលគោក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាបើកសិក្ខាសាលាក្រោមប្រធានបទ « រួមគ្នាស្វែងយល់ពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់ នៃគ្រឿងញៀនដល់បុគ្គលិក និងសិស្សានុសិស្សចំនួន៥៣១នាក់»

ថ្លែងក្នុងនាមគណ:គ្រប់គ្រងសាលាក្វាងចាវ លោក ជូ ធាងហាក់ នាយកសាលាចំណេះទូទៅបានមានមតិស្វាគមន៍ និងរបាយការណ៍ពីសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្តុះបណ្តាលនូវធនធានមនុស្ស ចំណេះទូទៅជាភាសាខ្មែរ ចិន អង់គ្លេស។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សុខ ណុប អនុប្រធាននាយកដ្ឋានចរាចរណ៍ បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលគ្រប់ក្រុម គ្រួសារមានការព្រួយបារម្ភពិសេស គឺកូនចៅរបស់យើងចេញពីផ្ទះទៅសិក្សា និងធ្វើការ ពាក់មួកសុវត្ថិភាព១០០ភាគរយ «ការគោរពច្បាប់ចរាចរណ៍គឺនាំមកនូវសេចក្តីសុខសុវត្ថិភាព»។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំពិសេស នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនង សាធារណ:បានអរគុណគណ:គ្រប់គ្រងសាលារៀនក្វាងចាវ ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់សុខភាពសិក្សា និងសុវត្ថិភាពតាមរយ:ការសហការផ្តល់ចំណេះដឹងច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃ គ្រឿងញៀន និងបារីអេឡិចត្រូនិក សំដៅឱ្យសម្បទាទាំង៥របស់សិស្សរីកលូតលាស់ព្រមគ្នាក្លាយជាធនធានបន្តវេនដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ បង្កើតវេទិកាក្នុងគ្រួសារ និយាយពីគ្រោះថ្នាក់ និងផលវិបាក ការអង្កេតមើលបុគ្គលិកលក្ខណ:សមាជិកក្រុមគ្រួសារ និងត្រូវហ៊ានរាយការណ៍ពីករណីគ្រឿងញៀនក្នុងសហគមន៍ដើម្បីទទួលបានការអន្តរាគមន៍ដោះស្រាយបានទាន់ពេល «ការចូលរួមបង្ការ ឬបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនបានម្នាក់ គឺជាកុសលដ៏ធំធេងអាចចូលរួមជួយឱ្យសហគមន៍សុខសាន្ត និងមានសុវត្ថិភាព»

តាមរយ: វាគ្មិន វរសេនីយ៍ឯក ម៉ាន សុផាន់ណា ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា អ្នកចូលរួមទាំងអស់ពិតជាទទួលបានចំណេះដឹងតាមរយ:ការឆ្លើយនូវសំណួររបស់សិស្ស ហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍៕