(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្តែងភាពរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន។

ថ្លែងក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី «អាស៊ី និង ពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានក្តីរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន»

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា សកម្មភាពបែបនេះ នឹងក្លាយជាគំរូ ដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវផ្សេងទៀត នៃសហគមន៍អន្តរជាតិ នៅក្នុងការជួយពន្លឿនការចរចា និងឈានទៅសម្រេចបានបទឈប់បាញ់នៅក្នុងអ៊ុយក្រែន ក៏ដូចជានៅក្នុងតំបន់ផ្សេងទៀត នៃពិភពលោក ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម និងជម្លោះ។

ប្រទេសចិនបានចូលខ្លួនសម្របសម្រួលជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែន។ កាលពីពេលថ្មីៗនេះ បេសកជនចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៉ី លោក Li Hui បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី អ៊ុយក្រែន ព្រមទាំងទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប (EU) ដើម្បីបើកកិច្ចពិភាក្សាលើសង្រ្គាម ខណៈដែលសង្គ្រាមបានអូសអន្លាយរយៈពេល​ជាង២ឆ្នាំមកហើយ៕