(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានធ្វើពិធីចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យជូនដល់ប្រជាពលរដ្ឋ១,៧៥០នាក់។ ពិធីនេះធ្វើឡើងនៅបរិវេណ ព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម បានសំណេះសំណាលទៅកាន់អង្គពិធីថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៧ បានដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារ​សង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលឯកសារទាំងពីរនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការតម្រង់ទិស និងការផ្តល់ការណែនាំដល់គ្រប់តួអង្គប្រតិបត្តិករទាំងអស់ អំពីនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារដែលជាជនរងគ្រោះ និងជាការធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ចំនួន៥ បញ្ចូលគ្នារួមមាន៖

*ទី១៖ កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
*ទី២៖ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះ​ទូទៅ
*ទី៣៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព  
*ទី៤៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង)
*ទី៥៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨៩ ០០០រៀលក្នុងមួយខែ។

បន្ថែមលើកម្មវិធីទាំង៥នេះ កញ្ចប់គ្រួសារក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រ និងការឧបត្ថម្ភ ជូនអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ដែលជាសមាជិកគ្រួសារក្រីក្រ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងកញ្ចប់គ្រួសារ នឹងត្រូវចូលមកជំនួស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលនឹងបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងៗ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤ ហើយឈានទៅអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤ នេះតទៅ ។

លោកអភិបាលខេត្តបានថ្លែងទៀតថា ជាការពិតណាស់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានានៅលើពិភពលោក បាននិងកំពុងទទួលរងឥទ្ធិពលពីជម្លោះភូមិសាស្រ្តនយោបាយ ការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង និងបញ្ហាផ្សេងៗទៀតជាច្រើន។

កត្តាទាំងអស់នេះ ព្រមទាំងស្ថានភាពរងគ្រោះ និងងាយរងគ្រោះ ដូចជាការសេពគ្រឿងញៀន ការជួញដូរមនុស្ស ជរាភាព និងពិការភាព ព្រមទាំងអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាប្រឈម និងជាក្តីកង្វល់ ដែលរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់ និងដោះស្រាយ ដើម្បីលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕