(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រព័ន្ធផ្សព្វផ្សាយ និងការយល់ដឹងអំពីព័ត៌មាន» ដោយមានការចូលរួមជាវាគ្មិនពី លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន។ ពិធីបើកនេះ ធ្វើឡើងក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក កើត ឆែ បានលើកឡើងថា នេះជាលើកទីពីរហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ «វគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធបណ្តាញ សង្គម និងការយល់ដឹងអំពីព័ត៌មាន» សម្រាប់មន្ត្រីរាជការរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីសាលាខណ្ឌ និងមន្ទីរជុំវិញសាលារាជធានី ដោយកាលខែមិថុនា ឆ្នាំ២០២៣ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព នៅរដ្ឋបាលរាជធានីភ្នំពេញ ម្តងរួចមកហើយដែរ។

លោក កើត ឆែ បានបន្តថា ស្ថិតក្នុងបរិបទសាកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល, ការប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម ពិតជាមានសារៈសំខាន់ ព្រោះជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការទំនាក់ទំនង រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ហើយដែលប្រជាពលរដ្ឋអាចលើកឡើងអំពីសំណើ សំណូមពរ និងបញ្ហាប្រឈមនានា ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីឱ្យអាជ្ញាធរមានវិធានការដោះស្រាយ។

ទន្ទឹមនឹងភាពងាយស្រួល ក្នុងការទទួលព័ត៌មានពីសំណាក់ប្រជាពលរដ្ឋ, ក៏រដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងនិយាយដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធជួបប្រទះនឹងបញ្ហាប្រឈម ដោយហេតុថា ព័ត៌មានមួយចំនួន មិនមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ដោះស្រាយ ហើយព័ត៌មានខ្លះទៀត ជាព័ត៌មាន ប្រឌិត ខុសពីការពិត ដែលធ្វើឲ្យមន្ត្រីទទូលបន្ទុកព័ត៌មានមានការលំបាក ក្នុងការពិនិត្យ និងរាយការណ៍ជូន ថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងដោះស្រាយជូន។

បើតាមលោក កើត ឆែ, ផ្តើមចេញពីបញ្ហាទាំងអស់ខាងលើ គឺទាមទារឲ្យមន្ត្រីទទួលព័ត៌មាននៃរដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ និងនៅតាមមន្ទីរ-អង្គភាពមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពិនិត្យ វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះ ជាមួយប្រភព និងបណ្តាញព័ត៌មានដែលខ្លួនមាន ដើម្បីធានាបានថា ព័ត៌មាននោះនជាព័ត៌មានពិតប្រាកដ ចៀសវាងនូវ ព័ត៌មានដែលបង្កចលាចលបំពុលសង្គម, មានចរិតញុះញង់នយោបាយ ដែលនេះធ្វើឲ្យខាតបង់ពេលវេលា ក្នុងការសិក្សា និងស្រាវជ្រាវពីប្រភពព័ត៌មានជាដើម។

ជាមួយគ្នានេះ យើងក៏ត្រូវពង្រឹងយន្តការប្រើប្រាស់បណ្ដាញសង្គម ឲ្យមានប្រសិទ្ធភាពក្នុងនោះ៖ ត្រូវ ពង្រឹងយន្តការក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៅគ្រប់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវបង្កើតទំព័រ ហ្វេសប៊ុក (Facebook Page) និងតេឡេក្រាម (Telegram) សម្រាប់អង្គភាពដែលមិនទាន់មាន ដើម្បីរង់ចាំទទួលព័ត៌មានពីប្រជាពលរដ្ឋ៕