(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤នេះ មាននិស្សិតកម្ពុជាចំនួន៣៤រូប បានប្រលងជាប់អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ដោយជោគជ័យ ខណៈនិស្សិតទាំងនេះនឹងចេញទៅសិក្សានៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសជប៉ុន ឆាប់ៗនេះ។ សម្រាប់អាហារូបករណ៍ដែលនិស្សិតកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលជប៉ុន នៅឆ្នាំ២០២៤នេះ គឺមាន៣កម្រិតរួមមាន៖ កម្រិតក្រោយឧត្តមសិក្សា, កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយនឹងការទទួលបានអាហារូបករណ៍នេះ ក្នុងឱកាសដែលស្ថានទូតជប៉ុនបានរៀបចំរៀបចំពិធីជូនដំណើរនិស្សិតកម្ពុជា ចំនួន៣៤រូប នាថ្ងៃទី២៦ ខែមីនា ម្សិលមិញ, កញ្ញា ណាន ស្រីនិច ជានិស្សិតដែលទទួលបាន អាហារូបករណ៍កម្រិតមធ្យមសិក្សាបច្ចេកទេស លើផ្នែកស្ថាបត្យកម្ម បានថ្លែងថា ការរៀបចំឱ្យមានការប្រលងជ្រើសរើសអាហារូករណ៍របស់រាជរដ្ឋាភិបាលជប៉ុន គឺបានផ្តល់ឱកាសដ៏ធំសម្រាប់យុវជនកម្ពុជា។ កញ្ញាថា មុននឹងទទួលបានអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៤នេះ អ្វីដែលសំខាន់បំផុតនោះគឺចំណង់ចំណូលចិត្ត និងការខិតខំស្រាវជ្រាវនូវឯកសារដែលរាមច្បងបានប្រលងរួចហើយ។

កញ្ញា ណាន ស្រីនិច បានឱ្យដឹងយ៉ាងដូច្នេះថា៖ «មុននឹងទទួលបានអាហារូបករណ៍ខ្ញុំបានប្រមូលឯកសារនានាដែលបានប្រលងចេញរៀនធ្វើឡើងវិញ ដោយចំណាយពេលជាង២ខែ ជាលទ្ធផលនៃការព្យាយាមនេះរហូតទទួលបានជោគជ័យ»

បន្ទាប់ពីទទួលបានអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុ​ន ឆ្នាំ២០២៤ ហើយនឹងបានត្រៀមខ្លួនចេញទៅសិក្សានៅប្រទេសជប៉ុន រយៈពេល៤ឆ្នាំ, កញ្ញា ស្រីនិច បានបង្ហាញពីការប្តេជ្ញាចិត្តប្រឹងប្រែងសិក្សា ជាពិសេសយកចំណេះដឹងដែលទទួលការបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដើម្បីចែករំលែកចំណេះដឹងទាំងនោះដល់យុវជនកម្ពុជា ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។

ដោយឡែកយុវជន ក្រូច ថាវរៈ ជានិស្សិតមកពីខេត្តកំពង់ឆ្នាំង បានលើកឡើងថា មុននឹងសម្រេចចិត្តប្រលងយកអាហារូបករណ៍ដើម្បីសិក្សានៅប្រទេសជប៉ុន គឺខ្លួនឯងផ្ទាល់បានសិក្សា និងស្វែងរកចំណាប់អារម្មណ៍សិស្សផ្សេងៗទៀត ដែលបានដាក់អាហារូបករណ៍។

យុវជន ក្រូច ថាវរៈ បានគូសបញ្ជាក់ថា៖ «បន្ថែមពីនេះមុននឹងដាក់ពាក្យប្រលងជ្រើសរើសអាហារូបករណ៍របស់រាជរដ្ឋាភិបាល ខ្ញុំបានត្រៀមលើឯកសារដែលបានពីវេបសាយរបស់ស្ថានទូតជប៉ុន និងឯកសារនានាពាក់ព័ន្ធនឹងប្រលងដែលសិស្សច្បងបានចែករំលែក»

យុវជន ក្រូច ថាវរៈ បានបន្តថា អាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យយុវជនកម្ពុជា ដូចជាខ្លួនលោកផ្ទាល់អាចសម្រេចបំណងប្រាថ្នាចេញទៅសិក្សានៅប្រទេសជប៉ុន ដូចក្តីស្រម៉ៃបាន។ យុវជនកម្ពុជា គួរតែសាកល្បងដាក់ពាក្យប្រលងសុំអាហារូបករណ៍ដែលរដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជូនដល់និស្សិតកម្ពុជា។

គួរឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បាននឹងកំពុងផ្ដល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកដល់ពេលនេះ យុវជនវ័យក្មេងកម្ពុជាជាង ១,៤០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន។ មានអតីតនិស្សិតខ្មែរដែលសិក្សានៅប្រទេសជប៉ុនជាច្រើនកំពុងដើរតួនាទីយ៉ាងសកម្មក្នុងវិស័យនានា៕