(ភ្នំពេញ)៖ សិក្ខាកាមយោធានៃបញ្ជាការដ្ឋានកងទ័ពអាកាសកម្ពុជា ចំនួន២៨រូប បានបញ្ចប់ការសិក្សា វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានថ្នាកមូលដ្ឋានបញ្ជាការ-សេនាធិការជំនាន់ទី៣ ដោយជោគជ័យ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាបញ្ជាការកងទ័ពជើងអាកាសកម្ពុជា នៅព្រឹកថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាសរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងថា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងការពារជាតិ នៅតែបន្តអនុវត្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាបាននូវកិច្ច ការពារជាតិប្រកបដោយប្រសិទ្ធភាព រក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ កងកម្លាំងរាជអាវុធហត្ថ តាមរយៈការ អនុវត្តយុទ្ធសាស្ត្រ៣ សកម្មភាពប្រតិបត្តិការ និងការអភិវឌ្ឍ១០ ព្រមទាំងធ្វើបច្ចុប្បន្នកម្ម និងជំរុញអនុវត្តផែនការយុទ្ធសាស្ត្រនគរបាល សន្តិសុខ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិចាំបាច់នានា...។ល។

នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្តថា ក្នុងន័យនេះកងទ័ពជើងអាកាស ពិសេសសាលាហ្វឹកហ្វឺនកងទ័ពជើងអាកាស ដែលជាស្ថាប័នបណ្តុះបណ្តាលធនធានមនុស្សតែងតែយកចិត្តទុកដាក់ដំណើរការ បើកវគ្គទៅតាមការណែនាំ និងផែនការរបស់ថ្នាក់លើដែលបានដាក់ចុះ។ ការកសាងធនធានមនុស្សប្រកបទៅដោយសមត្ថភាព និងវិជ្ជាជីវៈទៅតាមបទដ្ឋាន និងនិយាមបច្ចេកទេសអន្តរជាតិ គឺជាការងារមួយដែលចាំបាច់ និងទាមទាឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន ជំនាញរួម និងនាយទាហានជាយោធាចារ្យដែលមានបច្ចេកវិទ្យាពិតប្រាកដ មានបទពិសោធន៍ខ្ពស់ ច្បាស់លាស់ ម៉ត់ចត់ ដែលជាកម្លាំងចលករដ៏សំខាន់ និងចាំបាច់ក្នុងការកសាងអង្គភាព។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ សឹង សំណាង បានបន្តថា កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយដែលរាជរដ្ឋាភិបាលតែង តែគិតគូរដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកតម្កើងកិត្យានុភាពនៃកម្ពុជា នៅលើឆាកអន្តរជាតិ ស្ថានភាពសន្តិសុខសម្រាប់កម្ពុជា មានការប្រែប្រួលជាបន្តបន្ទាប់ដោយសារការផ្លាស់ប្តូរសភាពការណ៍នៅក្នុងស្រុក និងការទទួលរងឥទ្ធិពល នៃការវិវត្តផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ព្រមទាំងកត្តាទៃទៀតនៅក្នុងតំបន់ និងពិភពលោក។ ការប្រែប្រួលទាំងអស់នេះទាមទារឱ្យមានការចាប់អារម្មណ៍ និងគិតគូរឱ្យបានហ្មត់ចត់ក្នុងការដាក់ចេញ នូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព ភាពប្រឈម និងការគំរាមកំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា៖ «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទីជា កម្លាំងស្នូល និងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងគោលដៅជំរុញ និងពង្រឹងថែមទៀតនូវការអភិវឌ្ឍសង្គមជាតិមួយប្រកបដោយភាពរីកចម្រើនជឿនលឿន រុងរឿងដោយធ្វើការកសាងជាជំហានៗទៅតាមដំណាក់កាលដែលអំណោយផលដល់សង្គមជាតិកម្ពុជា»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តាំផ្ញើដល់នាយទាហានដែលទើបតែបញ្ចប់ការសិក្សា វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានថ្នាក់មូលដ្ឋាន បញ្ជាការ-សេនាធិការជំនាន់ទី៣ ដូចខាងក្រោម ៖

*ទី១៖ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាដរាបតរៀងទៅ។
*ទី២៖ ត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា លក្ខន្តិកៈ វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់នានារបស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ។
*ទី៣៖ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គសិក្សានេះ ទៅបំពេញភារកិច្ចនៅក្នុងសា្ថប័ន អង្គភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។
*ទី៤៖ ត្រូវកាត់បន្ថយឱ្យបានជាអតិបរិមានូវរាល់ភាពអសកម្ម និងកំហុសឆ្គងទាំងឡាយដោយចេតនាក្តី អចេតនាក្តី ដែលធ្វើឱ្យរាំងស្ទះ និងប៉ះពាល់ដល់ការបំពេញភារកិច្ចប្រចាំថ្ងៃ។ ដោយត្រូវអនុវត្តគិតចាប់តាំងពីខ្លួនយើងផ្ទាល់ ពិសេសត្រូវទទួលយកនូវរាល់បទពិសោធន៍ និងគំនិតជាវិជ្ជមានថ្មីៗ មកធ្វើការត្រិះរិះពិចារណា
*ទី៥៖ ត្រូវមានគុណធម៌ សិលធម៌រស់នៅល្អ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីឈានទៅសម្រេចជោគជ័យគ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ
*ទី៦៖ ត្រូវតាមដានឱ្យបានជាប់ជាប្រចាំពីការប្រែប្រួលសតិអារម្មណ៍របស់យោធិនក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន និងត្រូវរាយការណ៍នូវរាល់ហេតុការណ៍ ដែលជាភាពអសកម្មជូនដល់ថ្នាក់ដឹកនាំដើម្បីមានវិធានការការពារ ទប់ស្កាត់ និងដោះស្រាយបានទាន់ពេលវេលា។
*ទី៧៖ ត្រូវចូលរួម និងការពារដាច់ខាតមិនឱ្យមានសកម្មភាពដែលបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គមជាតិ និងរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ មិនអនុញ្ញាតឱ្យកើតមានករណីនេះជាដាច់ខាតទោះក្នុងរូបភាពណាក៏ដោយ។
*ទី៨៖ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវចូលរួមការពារ ទប់ស្កាត់ ជំងឺឆ្លងរាតត្បាតនានា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕