(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឱ្យរួមគ្នាលុបបំបាត់ពាក្យបណ្តាសាមួយដែលតែងតែលងបន្លាចលើអង្គចៅក្រមនោះគឺ «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់»។ លោកថ្លែងថា បើត្រីណាដែលស្អុយ ត្រូវតែដកចេញ កុំឱ្យប៉ះពាល់ត្រីដទៃទៀត ពោលគឺទុកតែត្រីណាដែលល្អ ដើម្បីឱ្យមហាជន មើលទៅវិស័យយុត្តិធម៌ ដោយភាពវិជ្ជមាន។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបែបនេះ ក្នុងឱកាសក្រសួងយុត្តិធម៌បើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ។

ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បន្ទាប់ពីមើលឃើញថា មហាជនបាននិងកំពុងមើលឃើញថា វិស័យយុត្តិធម៌កម្ពុជាមានភាពអវិជ្ជមានខ្លាំង។ មើលឃើញអវិជ្ជមាន ក៏ព្រោះតែមានអង្គចៅក្រមមួយចំនួនមិនល្អ ពោលគឺអង្គចៅក្រម ដែលលោកចាត់ទុកថា ជាត្រីស្អុយ។

បើតាមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, លោកមិនចង់ឱ្យមានត្រីស្អុយ នៅក្នុងវិស័យតុលាការនោះទេ។ លោកអះអាងថា ចាប់ពីថ្ងៃនេះទៅ ត្រូវអនុវត្តម៉ោងវិន័យ ដើម្បីដកចេញបណ្តាសា ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់ចេញ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «អីចឹងត្រូវឯកភាពគ្នាលើទស្សនៈនេះ។ ឯកភាពគ្នាថា ដើម្បីដើរឆ្ពោះទៅកាន់ទិសដៅនេះ មិនត្រឹមតែធ្វើសកម្មភាពព្រមគ្នាទេ ក៏យើងត្រូវ​ឯកភាពគ្នាថា ក្រៅពីឆន្ទៈ ការទទួលខុសត្រូវ​ មានចំណុចមួយដែលឯកឧត្តម (ជីវ កេង) ប្រធានតុលាការកំពូលលើកឡើង ឱ្យច្បាស់លាស់ជាមួយគ្នាថា ពាក្យថា ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់នេះ គឺជាពាក្យបណ្តាសាមួយទេ ប៉ុន្តែ យើងមិនចង់ឱ្យពាក្យបណ្តាសារមួយនេះ វាលងលើអង្គចៅក្រមនោះទេ។ អីចឹងត្រីមួយកន្ត្រក បើវាស្អុយមួយ កុំឱ្យវាស្អុយមួយកន្ត្រក។ ដកត្រីដែលស្អុយចេញទៅ។ ទុកឱ្យត្រីដទៃទៀតដែលល្អ កុំឱ្យស្អុយទៅតាមត្រីដែលស្អុយ»

លោកបន្តថា «ទិសដៅរបស់យើង អត់មានអ្វីក្រៅពីការផ្តល់សេវាយុត្តិធម៌ឱ្យបានល្អប្រសើរទេ កាន់តែសុក្រឹត្យ។ ទិសដៅរបស់យើង គឺដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើប្រព័ន្ធតុលាការរបស់យើង ប្រព័ន្ធយុត្តិធម៌របស់យើង។ ទិសដៅរបស់យើង ចង់ឱ្យអង្គចៅក្រមក្លាយជាបង្អែក ដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយអំពើអយុត្តិធម៌ នៅក្នុងសង្គម»

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជំរុញយ៉ាងខ្លាំងឱ្យរួមគ្នា ដើម្បីមុខមាត់វិស័យយុត្តិធម៌។ លោកបន្ថែមថា បើធ្វើការងារនេះបាន ពិតជាល្អប្រសើរណាស់ ព្រោះវាជាការចង់ឃើញរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចង់ឱ្យសង្គមមានភាពយុត្តិធម៌។

សូមជម្រាបថា លោក កើត រិទ្ធ នៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានប្រកាសប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។

លោក កើត រិទ្ធ បន្តថា លោកនឹងបន្ដសមិទ្ធផលកំណែទម្រង់ដែលសម្រេចបាន ព្រមទាំងបន្ដពង្រឹង និងពង្រីកសមិទ្ធផលកំណែទម្រង់បន្ថែមទៀត ដើម្បីជាផលប្រយោជន៍សម្រាប់វិស័យយុត្តិធម៌ និងសង្គមជាតិ និងពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ដើម្បីធ្វើជាស្នួលក្នុងការដឹកនាំវិស័យយុត្តិធម៌ ក៏ដូចជាធានាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរថ្នាក់ដឹកនាំនៃវិស័យនេះ ដើម្បីឲ្យមានការចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុ នៃកំណែទម្រង់។ បន្ថែមពីលើនោះ លោកក៏នឹងពង្រឹងសុច្ចរិតភាព និងភាពត្រឹមត្រូវនៃការអនុវត្តការងាររបស់មន្ដ្រីតុលាការ តាមរយៈការពង្រឹងវិន័យ សិលធម៌ វិជ្ជាជីវៈក្នុងវិស័យនេះ សំដៅលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ នៃអង្គតុលាការបន្ថែមទៀត។

អតីតភាពជានិស្សិតអាហារូបករណ៍ផ្នែកច្បាប់ដ៏ឆ្នើមពីប្រទេសបារាំងរូបនេះ បានគូសបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅ និងការប្តេជ្ញាចិត្តទាំងនេះ គឺទាមការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់នៃក្រសួងយុត្ដិធម៌ ក៏ដូចជាមន្ដ្រីតុលាការគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត៕