(ភ្នំពេញ)៖ កម្មករនិយោជិតនៃរោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អរគុណរាជរដ្ឋាភិបាលដែលបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត ដែលទាំងនេះបង្ហាញពីការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រនេះក្រោយថៅកែរត់ចោល។

អ្នកមីង សុខ សាវុន ដែលជាកម្មការិនីរោងចក្រ ញូ ស្កាយ ព្រីនធីង មកពីខេត្តកណ្តាល លើកឡើងថា៖«ខ្ញុំសូមអរគុណដល់សម្តេចធីបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីថ្មីដែលបានខិតខំបំពេញការងារក្នុងការដោះស្រាយ រហូតកម្មករនិយោជិតទាំងអស់បានមកទទួលប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករគ្រប់គ្នា។ ខ្ញុំរីករាយណាស់ដែលបានមកទទួលប្រាក់នៅថ្ងៃនេះ»។

អ្នកមីង ឆាំ គឿន ជាកម្មការិនីនៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀតក៏បានលើកឡើងដែរថា ការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រញូ ស្កាយ ព្រីនធីង ទាំងអស់នៅថ្ងៃនេះគឺបានបង្ហាញឱ្យឃើញពីសមត្ថភាពដឹកនាំ និងការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំមកលើកម្មករនិយោជិតទាំងអស់គ្នា។

អ្នកមីងថា៖«សប្បាយចិត្តណាស់ ពីព្រោះប្រាក់ដែលទទួលថ្ងៃនេះវាមានសារសំខាន់ណាស់សម្រាប់ខ្ញុំ។ រួចពីនេះទៅខ្ញុំនឹងទៅរកការងារថ្មីទៀត ដើម្បីទទួលបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ។ ខ្ញុំសូមអរគុណសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារដែលបានជួយរកដំណោះស្រាយជូនកម្មករនៅថ្ងៃនេះ»។

កញ្ញា ថន ចាន់ថូ ដែលជាកម្មការិនីនៃរោងចក្រ ញូ ស្កាយ ព្រីនធីង ម្នាក់ទៀតក៏បានអរគុណដល់សម្តចនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាថ្នាក់ដឹកនាំទាំងអស់ដែលខិតខំបំពេញការងារ ដោះស្រាយជូនបងប្អូនកម្មករនិយោជិតទាំងអស់នៅថ្ងៃនេះ។ ការដោះស្រាយនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំទាំងអស់លើសុខទុក្ខរបស់កម្មករ កម្មការិនី នៃរោងចក្រញូ ស្កាយ ព្រីនធីង។

ទន្ទឹមនឹងនេះ កម្មករនិយោជិតទាំងអស់បានអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់បន្តស្វែងរកការងារថ្មីតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ហើយជឿទុកចិត្តមកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល។

គូសបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងទៅដល់កម្មករនិយោជិតនៃ រោងចក្រ ញូ ស្កាយ ព្រីនធីង (NEW SKY PRINTING) អាចមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣ រសៀល នៅសាលាខណ្ឌដង្កោ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅសាលាខណ្ឌដង្កោ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣ ៧៨ / ០១៦ ៧៨៦ ៦៥៥ ឬតាមរយ: hotline ១២៩៧ ឬ ១២៨៦៕


អ្នកមីង សុខ សាវុន កម្មកររោងចក្រ ញូស្កាយព្រីនធីង


កញ្ញា ថន ចាន់ថូ កម្មកររោងចក្រ ញូ ស្កាយ ព្រីនធីង


អ្នកមីង ឆាំ គឿន កម្មកររោងចក្រ ញូ ស្កាយ ព្រីនធីង