(កណ្ដាល)៖ លោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់គ្រូបង្គោលទាំងច៣២៨នាក់ ក្នុងនោះមាននារីចំនួន៤នាក់ ត្រូវយកចំណេះជំនាញរបស់ខ្លួន បង្ហាត់បង្រៀនមន្ត្រីនគរបាលឲ្យអស់ពីសមត្ថភាពដើម្បីក្រមសីលធម៍ និងឈរលើវិជ្ជាជីវៈដ៏មានតម្លៃ។

លោកថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវៈនគរបាល នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅឯបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានរាយការណ៍អំពីដំណើរការនិងលទ្ធផលនៃការបណ្ដុះបណ្ដាល ព្រមទាំងលើកឡើងអំពីសារៈសំខាន់ និងគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដែលផ្ដោតសំខាន់លើការបំប៉នសមត្ថភាពជំនាញបន្ថែមទាក់ទងទៅនឹងលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវៈនគរបាល ដល់មន្រ្តីនគរបាលជាតិតាម អង្គភាពពាក់ព័ន្ធនានា ដើម្បីឱ្យក្លាយជាគ្រូបង្គោលប្រចាំអង្គភាពសម្រាប់ធ្វើការបណ្តុះបណ្តាល បន្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងអង្គភាពនីមួយៗ។

ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត ចាន់ អ៊ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានធ្វើកិច្ចសហការល្អជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ក្នុងការអនុវត្តមតិដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះរហូតទទួលបានលទ្ធផលជោគជ័យ ព្រមទាំងថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលនេះបានសម្រេចជោគជ័យតាមផែនការកំណត់ ព្រមទាំងបានកសាងស្នាដៃនិងសិមិទ្ធផលជាច្រើន និងបានការកសាងធនធានមនុស្សផ្នែកកងកម្លាំង នគរបាលជាតិ ជាបន្តបន្ទាប់ ដើម្បីជាឧត្ដមប្រយោជន៍ជាតិ។

លោកសន្តិបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងបន្តទាក់ទងនឹងលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវៈនគរបាល ដល់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ និងមន្ត្រីក្រោមឱវាទ ហើយប្រធានអង្គភាពត្រូវ ប្រគល់សិទ្ធិដល់គ្រូបង្គោលទាំងអស់ ដែលបានបញ្ចប់ការសិក្សានៅទីនេះ ក្នុងការពិនិត្យ តាមដានណែនាំ និងកែតម្រូវជាប្រចាំដោយផ្អែកតាមខ្លឹមសារមេរៀនដែល បានបណ្ដុះបណ្ដាលនិងផ្អែកលើលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

មិនតែប៉ុណ្ណោះ លោកសន្តិបណ្ឌិតបានសង្កត់ធ្ងន់ដល់សិស្សជានគរបាលដែលមករៀនសូត្រដែលមានសក្ដិធំ ត្រូវតែគោរពគ្រូឲ្យបានដាច់ខាត បើទោះបីជាគ្រូមានសក្ដិតូចជាងក្ដី ,បើចូលសាលាអត់មាននិយាយរឿងនរណាសក្ដិធំទេ គឺចូលរៀនត្រូវដោះសក្ដិទុកម្ខាង គឺមានតែគ្រូហើយ និងសិស្ស ដូច្នេះចាំបាច់សិស្សត្រូវស្ដាប់គ្រូ ធ្វើតាមគ្រូ បើចង់ខ្លាំងមិនស្ដាប់គ្រូ ខ្លូនខំឲ្យខ្លាំងពូកែជាងគ្រូទៅ ហើយមកធ្វើគ្រូតែម្ដងទៅ។

មួយទៀតនិយាយដល់ការគោរពគ្នា រាល់ៗនគរបាលទាំងអស់មិនថាសក្ដិធំប៉ុណ្ណាទេ បើគេសក្ដិតូចលើកដៃគោរព ខ្លួនជាអ្នកសក្ដិធំ ត្រូវលើកដៃគោរពគេវិញ ព្រោះវាជាតម្លៃ, រីឯអ្នកសក្ដិតូចវិញ កុំចាំតែទាល់តែមេអញ ទើបអញគោរព មិនត្រូវធ្វើចឹងទេ ខ្ញុំសូមផ្ដាំថា បើទោះបីជាគេមិនមែនជាមេរបស់ខ្លួនក៍ដោយ បើគេសក្ដិធំជាង ហើយដើរជួបមុខគ្នា ចាំបាច់ណាស់អ្នកសក្ដិតូចត្រូវលើកដៃគោរពគេមុន ព្រោះវាជាតម្លៃ ក្រមសីលធម៍វិជ្ជាជីវៈនគរបាល។
មួយទៀតរឿងពាក់សណ្ឋានទៅញ៉ាំអាហារនៅក្រៅ មិនថាក្នុងហាងក្ដី ក្រៅហាងក្ដី តាមចិញ្ចើមផ្លូវក្ដី អស់លោកត្រូវដោះអាវឯកសណ្ឋានជាប់សក្ដិនោះចេញ អត់ត្រូវមកសំញ៉ែងសក្ដិដាក់គេ ដាក់ឯងជាដាច់ខាត ព្រោះនេះជាសីលធម៍ និងជាតម្លៃនគរបាលជាតិ នគរបាលយុត្តិធម៍៕