(កណ្ដាល)៖ លោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយសង្កាត់ដើមមាន ក្រុងតាខ្មៅ និងជាស្នងការនគរបាលខេត្តកណ្ដាល បានចាត់ឲ្យលោក ឆេង សំអឿន និងលោក ទីន វ៉ាន់ស៊ី នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនធំ និងថវិកាផងដែរឧបត្ថម្ភមកកាន់វិហារឥស្លាមក្រុងតាខ្មៅ ទុកសម្រាប់បងប្អូនមូស្លីម ស្រាយបួសក្នុងខែដ៏ពិសិដ្ឋរ៉ម៉ាឌននេះ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

លោក ឆេង សំអឿន និងលោកត្រី ទី ន វ៉ាន់ស៊ី បានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ១ បានសហការជាមួយក្រុមការងារភូមិ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកប្រធានជូនវិហារសម្រាប់បងប្អូនមូស្លីមស្រាយបួស អំឡុងពេលកំពុងកាន់អំណត់បួសក្នុងខែរ៉ម៉ាឌននេះ។

លោកទាំង២រូប តំណាងលោកប្រធានក្រុមការងារ បានថ្លែងអំពីការយកចិត្តទុកដាក់ ក៏ដូចជាគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរពីគោលនយោបាយសុខដុមនីយកម្មសាសនាដ៏ល្អបំផុតនៅកម្ពុជា ដោយបើកឱកាសទូលំទូលាយដល់សាសនាឥស្លាមទាំងអស់ ប្រតិបត្តិតាមកាតព្វកិច្ចសាសនារបស់ខ្លួន យ៉ាងពេញលេញដោយគ្មានបញ្ហាអ្វីនោះឡើយ។

ផ្ដាំផ្ញើការសួរសុខទុក្ខពីលោកប្រធានក្រុមការងារ, លោកទាំងពីរក៏បានពាំនាំការសួរសុខទុក្ខរបស់លោកប្រធានក្រុមការងារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនថាបងប្អូនកាន់ពុទ្ធសាសនា ឬក៏ឥស្លាមសាសនានោះឡើយ ហើយពិសេសនោះ លោកប្រធានក្រុមការងារក៏បានផ្ដាំផ្ញើដល់បងប្អូនសាសនិកឥស្លាមទាំងអស់ថែទាំសុខភាពឱ្យបានល្អផងដែរ។

សូមជម្រាបថា គ្រឿងឧបភោគបរិភោគដែលបានឧបត្ថម្ភកម្មវិហារអ៊ីស្លាមក្រុងតាខ្មៅនេះរួមមាន៖អង្ករ ទឹកសុទ្ធ ទឹកក្រូចហ្វាន់តា មីខ្លាឃ្មុំ ស្ករស ទឹកដោះគោ និងថែមទាំងជួយថវិកាទៅវិហារ ជូនថវិកាដល់ប្រជាការពារភូមិ និងពលរដ្ឋមូស្លីមក្រីក្រមួយចំនួនផងដែរ៕