(ពោធិ៍សាត់)៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ និងលោកស្រី កាន់ ចន្ទ្រា ទៀវិញ រួមជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញកាត់ខ្សែបូរ សម្ពោធឆ្លងចូឡាមុនីចេតិយដ៏ស្កឹមស្កៃ និងពុទ្ធាភិសេក ព្រះអង្គផ្ចាញ់មារ ព្រមទាំងសមិទ្ធផលនានា ក្នុងទីអារាមវត្តវាល ដែលមានតម្លៃជិត៦០ម៉ឺនដុល្លារ និងជាង៦៨១លានរៀល ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់។

តាមរបាយការណ៍របស់គណៈកម្មការសាងសង់ បានឲ្យដឹងថា សមិទ្ធផលវត្តវាល ដែលធ្វើពិធីសម្ពោធថ្ងៃនេះរួមមាន ឧបដ្ឋានសាលា សាលាបាលី បណ្ណាល័យ កុដិ រូបព្រះពុទ្ធបដិមាព្រះអង្គផ្ចាញ់មារ កម្ពស់២៩ម ព្រះពុទ្ធបដិមាព្រះអង្គផ្ទុំ ប្រវែង២៥ម ចូឡាមុនីចេតិយកម្ពស់២៧ម ស្រះទឹក ក្លោងទ្វា និងរបង ដែលមានតម្លៃជិត៦០ម៉ឺនដុល្លារ និងជាង៦៨១លានរៀល។ សមិទ្ធផលទាំងអស់នេះ កសាងដោយ នាយឧត្តនាវី ទៀ វិញ និងលោកស្រី កាន់ ចន្ទ្រា, ឧត្តមសេនីយ៍ វណ្ណ ប៊ុនលៀង និងក្រុមគ្រួសា, លោក សុង វុទ្ធី និងក្រុមគ្រួសារ, លោក ពឹង ចាន់ថន និងក្រុមគ្រួសារ, លោក វណ្ណ ហៀង និងក្រុមគ្រួសា រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត។

លោក ខូយ រីដា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមនាវី ទៀ វិញ និងលោកស្រី កាន់ ចន្ទ្រា, ឧត្តមសេនីយ៍ វណ្ណ ប៊ុនលៀង និង លោកស្រី កុយ ណារុន ដែលជាអ្នកផ្ដើមគំនិតកសាង នូវរាល់សមិទ្ធផលទាំងអស់ ក្នុងទីអារាមវត្តវាលនេះ រួមជាមួយព្រះចៅអធិការវត្តផងដែរ។ សមិទ្ធផលទាំងអស់ កើតឡើងពីការចូលរួមបរិច្ចាកធនធានដោយសទ្ធាជ្រះថ្លា របស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានជំនឿលើវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ រដ្ឋបាលខេត្ត បានលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅ ឱ្យមានស្មារតី ទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយ ចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

នាយឧត្តមនាវី ទៀ វិញ មានប្រសាសន៍ថា សមិទ្ធផលក្នុងវត្តវាលនេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើនបន្ថែមទៀត ក្នុងពុទ្ធសាសនា ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម។ ការរីកចម្រើននេះ គឺពិតជាកើតចេញពីមូលដ្ឋានគ្រឹះដ៏សំខាន់ នៃសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ បន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈរីកចម្រើន លើគ្រប់វិស័យ ប្រកបដោយភាពវិជ្ជមាន។ គុណតម្លៃទាំងអស់នេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់ សម្រាប់ជាពន្លឺនៃការដឹកនាំជីវិត និងការបំពេញវិជ្ជាជីវៈ របស់ពុទ្ធសាសនិកជន។  

កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ជារឿងមួយដ៏សំខាន់មិនអាចខ្វះបាន ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស សម្រាប់កូនចៅរបស់យើងទាំងអស់គ្នាទៅថ្ងៃអនាគត។ ប្រទេសមួយមានសុខសន្តិភាព គឺមានលទ្ធភាពផ្ដោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ។ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍប្រទេស។ លោកសូមឲ្យបន្តថែរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យបានរឹងមាំ រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ដោយចេះស្រលាញ់គោរពរាប់អានគ្នា ប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤។

ក្នុងឱកាសនោះ នាយឧត្តមនាវី ទៀ វិញ និងលោកស្រី បានប្រគេនថវិកាចូលរួមបុណ្យ ចំនួន១៦៩លាន និង៦៨ម៉ឺនរៀល ក្នុងនោះលោក ខូយ រីដា អភិបាលខេត្ត ចំនួន១០លានរៀល ព្រមទាំងធ្វើពិធីរាប់បាត ព្រះសង្ឃ២០០អង្គ និងចែកទានជាសម្លៀកបំពាក់ ដល់លោកតាលោកយាយ ចំនួន៨០នាក់ផងដែរ៕