(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា ស្ថាប័នមានសមត្ថកិច្ច មានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ និងបានធ្វើការជំហានៗ ករណីពលរដ្ឋវិនិយោគជាមួយក្រុមហ៊ុន CIC។

ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា តាមព័ត៌មានដែលទទួល បានពីស្ថាប័នមានសមត្ថកិច្ច, ករណីនេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ»

ក្រសួងយុត្តិធម៌ បានបន្តថា «កន្លងមក, តាមអ្វីដែលបានដឹង គឺស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារ ផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។ សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ»

សូមជម្រាបថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមព្រោងព្រាតថា ក្រុមហ៊ុន CIC បានបោកប្រាស់ពលរដ្ឋនូវទឹកប្រាក់ ៩០លានដុល្លារអាមេរិក៕