(ឡាវ, វៀងច័ន្ទ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ឆ្នាំ២០២៤ ព្រមទាំងការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌លើកទី២ នៅចុងឆ្នាំ២០២៤។

ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ស្របពេលដែលសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេច និងនាយករដ្ឋមន្ត្រីឡាវ បានពិភាក្សាគ្នាដោយផ្តោតសំខាន់លើផ្នែកសក្តានុពល វិធានការ និងយន្តការ ក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគីសំដៅជំរុញបន្ថែមទៀត លើកំណើនសេដ្ឋកិច្ច សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងក្របខណ្ឌពហុភាគី ឯកឧត្តមនាយករដ្ឋមន្ត្រី (ឡាវ) និងខ្ញុំ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ៣ប្រទេស CLV កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLV និងជួបប្រជុំរដ្ឋមន្ត្រីការពារជាតិ CLV ព្រមទាំងលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជំនួយមនុស្សធម៌លើកទី២ នៅចុងឆ្នាំ២០២៤»

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅក្នុងកំឡុងកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​ CLV ឆ្នាំ២០២៤ នឹងមានជំនួបប្រជុំរដ្ឋមន្ត្រីការពារជាតិ CLV ព្រមទាំងការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជំនួយមនុស្សធម៌លើកទី២ នៅចុងឆ្នាំ២០២៤ផងដែរ។

សម្តេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាបានគាំទ្រទាំងស្រុងដល់ប្រទេសឡាវ ជាប្រធានប្តូរវេនកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤។ ចំពោះតួនាទី និងបេសកជនពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកមីយ៉ាន់ម៉ា។ ក្នុងស្មារតីនេះកម្ពុជា សូមចូលរួមជាមួយរដ្ឋាភិបាលឡាវ នូវថវិកាចំនួន ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

គួរឱ្យដឹងថា ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ប្រទេសឡាវ មានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។

តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕