(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតអស់១បន្ទប់ ព្រមទាំងឆេះរាលដាលដល់ពិដានផ្ទះចំនួន៣ខ្នងខូចខាតអស់១០% និងឆេះសំបកបាវអងករអស់ទាំងស្រុង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១៖១០នាទីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបុរីពិភពថ្មីកំបូល ផ្ទះលេខ៦៥ ផ្លូវលេខ១៩c ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៩គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង០៨ម៉ែត្រគូប, រថយន្តជំនួយមកពីបញ្ជាការដ្ឋានទ័ពពិសេស៩១១ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តរបស់សាលាខណ្ឌកំបូល ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប, រថយន្តរបស់ប្តីក្តីសង្ឃឹមថ្មី ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគុប, រថយន្តរបស់បុរីពិភពថ្មីកំបូល ចំនួន០២គនរឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក។ ចំពោះករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ២និង៤០នាទីនាថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ៕