(កោះកុង)៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលាឆាន់ និងសម្ធិផលនានាក្នុងវត្តទេពនិមិត្ត ហៅ (វត្តថ្មី) ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ពិធីនេះមានការយាងចូលរួមក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃកម្ពុជា, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីជាន់ខ្ពស់មន្ត្រីរាជកា ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃចំនួន ១៥០អង្គ ផងដែរ។

លោកស្រី មិថុនា ភូថង បានលើកឡើងថា តាងនាមឱ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង មានសេចក្តីសោមនស្សរីករាយក្រៃលែង និងអរគុណសន្តិភាពក្រោការដេកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយរដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរកសន្តិភាព ការអភិវឌ្ឍជូនប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យភាពរីកចម្រើនគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាផងដែរ។

លោកស្រីអភិបាលខេត្តបានបន្តថា សមិទ្ធផលព្រះពុទ្ធសាសនាដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះរួមមានឧបដ្ឋានសាលាឆាន់ ១ខ្នង ដែលមានបណ្តោយ ៥១ម៉ែត្រ ទទឹង ២៩ម៉ែត្រ រួមនឹងសម្ធិផលនានាក្នុងវត្តទេពនិមិត្ត ក្រុងខេមរភភូមិន្ទ ដែលមានព្រះសង្ឃចំនួន៩៩អង្គ គង់នៅ អាចារ្យចំនួន ៧នាក់យាយជី២០នាក់ និងសិស្សានុ សិស្សហៅ (ក្មេងវត្ត) ចំនួន២២នាក់។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា វត្តអារាមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា វត្តអារាម គឺជាទីពឹងពាក់ស្នាក់អាស្រ័យ សម្រាប់អបរំផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង វត្តអារាម គឺជាកន្លែងផ្តល់ចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា តែអ្វីគួរឱ្យសោកស្តាយបំផុតកាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកទមិឡអត់សាសនាបំផ្លាញចោល និងចាប់ព្រះសង្ឃផ្សឹក សៀវភៅធម៌អាថ៌ ក្បួនច្បាប់ផ្សេងៗពាក់ព័ន្ធព្រះពុទ្ធសាសនា ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់សម្រាប់ពុទ្ធសាសនាក្រោយទៀតផង។ 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង។ ជាក់ស្តែងវិស័យពុទ្ធសាសនា វត្តអារាមទូទាំងប្រទេសមានភាពរីកចម្រើន មិនតែប៉ុណ្ណោះវត្តអារាមមិនត្រឹមតែជាទីសម្រាប់ពុទ្ធបរិស័ទទទួលយកនូវពុទ្ធឱវាទនោះទេ ថែមទាំងជាទីសម្រាប់សិស្ស និស្សិតក្រីក្រស្នាក់អាស្រ័យ និងរៀនសូត្រផងដែរ។

ឧបនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើថាប្រទេសកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេន។ ពាក្យថា (អរគុណសន្តិភាព) បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស។ នេះគឺដោយសារកម្ពុជាយល់អំពីតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះ។ ដូច្នេះ សូមប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ជាពិសេសប្តេជ្ញាគាំទ្រការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ត ថែរក្សាសន្តិភាពឱ្យគង់វង្សតទៅមុខទៀត។

ក្នុងនោះផងដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានលើកឡើងពីសក្តានុពលនៃខេត្តកោះកុង ដែលសក្តានុពលគ្រប់បែបយ៉ាងផ្នែកវិស័យទេសចរណ៍ និងផ្នែកវិស័យសេដ្ឋកិច្ច ពិសេសគឺផ្នែកវិស័យទេចរណ៍ ដែលបានទាក់ចិត្តភ្ញៀវទេសចរ យ៉ាងច្រើនផងដែរ៕